ក្រុមហ៊ុនឥន្ធនៈនៅរដ្ឋញូវយ៉ក រងការផាកពិន័យ ៧៥ពាន់លានដុល្លារ ក្រោយអនុម័តច្បាប់ថ្មី

កាលពីថ្ងៃទី២៦ ខែធ្នូ អភិបាលក្រុងញូវយ៉ក លោក Kathy Hochul បានចុះហត្ថលេខាលើច្បាប់ថ្មី ដែលតម្រូវឲ្យក្រុមហ៊ុនរកស៊ីជួញដូរប្រេងឥន្ធនៈហ្វូស៊ីលទាំងអស់នៅរដ្ឋញូវយ៉ក ត្រូវបង់ប្រាក់ផាកពិន័យសរុប ៧៥ពាន់លានដុល្លារ ក្នុងរយៈពេល ២៥ឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តាមដានជាមួយយើង៖ Million Times

ក្រោមច្បាប់ថ្មីស្ដីពីកត្តាបម្រែបម្រួលអាកាសធាតុ ត្រូវបានបង្កើតឡើងដើម្បីផ្លាស់ប្ដូរ និងសងថ្លៃខូចខាត ដែលក្រុមហ៊ុនរកស៊ីក្នុងវិស័យប្រេងឥន្ធនៈ បានធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។ ទឹកប្រាក់ដែលទទួលបានពីការផាកពិន័យទាំងនោះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ រួមទាំងការសម្រួលផ្លូវថ្នល់ ផ្លូវឆ្លងកាត់ ប្រព័ន្ធទឹក និងលូ អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

ក្រុមហ៊ុនប្រេងឥន្ធនៈទាំងនោះ នឹងត្រូវរងការផាកពិន័យខុសៗគ្នា ទៅតាមកម្រិតឧស្ម័នពុលដែលពួកគេបានបញ្ចេញចាប់ពី ១ពាន់លានតោនឡើងទៅ ចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៨ ខណៈការទូទាត់ប្រាក់នឹងចាប់ផ្ដើមប្រមូលចូលមូលនិធិ Climate Superfund នាដើមឆ្នាំ២០២៨។

សមាជិកព្រឹទ្ធសភារដ្ឋញូវយ៉ក អ្នកស្រី Liz Krueger បាននិយាយថា ថ្លៃជួសជុល និងការសម្របខ្លួនជាមួយអាកាសធាតុនៅញូវយ៉ក បណ្ដាលមកពីការបញ្ចេញឧស្ម័នពុល នឹងមានចំនួនច្រើនជាង ៥០០ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០៥០។

លោកស្រីបន្ថែមថា វាគួរតែដល់ពេលហើយ ដែលក្រុមហ៊ុនរកស៊ីប្រេងឥន្ធនៈទាំងនោះគិតគូរពីផលប៉ះពាល់បរិស្ថាន ដែលបង្កឡើងពីពួកគេ ពោល ៣ឆ្នាំចុងក្រោយក្រុមហ៊ុនទាំងនោះ កើបលុយលើសពី ១ទ្រីលានដុល្លារ ពីប្រេងឥន្ធនៈ ស្របពេលកត្តាបម្រែបម្រួលអាកាសធាតុនៅញូវយ៉ក កាន់តែមានភាពអាក្រក់ទៅៗ៕

អត្ថបទ៖ Luffy រូបភាព៖ Bloomberg/NPR