នាព្រឹកព្រលឹមថ្ងៃសុក្រ ទី២៧ ខែធ្នូ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងប៉េកាំង Igor Morgulov បានប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA ថា ប្រធានាធិបតីចិន លោក Xi Jinping នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនៅក្នុងឆ្នាំ២០២៥ ខាងមុខ។
លោក Igor បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នភាគីទាំងសងខាងកំពុងរៀបចំផែនការយ៉ាងសកម្ម សម្រាប់ជំនួបរវាងមេដឹកនាំមហាអំណាចទាំង២ ហើយវាមិនមែនជាអាថ៌កំបាំងឡើយ ចំពោះដំណឹងនៃការបំពេញទស្សនកិច្ច របស់មេដឹកនាំចិនទៅកាន់ប្រទេសសម្ព័ន្ធមិត្តមួយនេះ។
គោលបំណងនៃការធ្វើទស្សនកិច្ចសារនេះរបស់មេដឹកនាំមហាយក្សចិន មិនទាន់ត្រូវបានបង្ហើបឲ្យដឹងនោះឡើយ ប៉ុន្តែទីភ្នាក់ងារព័ត៌មានបរទេសជឿថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីរឹតចំណងភាពជាដៃគូគ្មានដែនកំណត់រវាងចិន និងរុស្ស៊ី ចំពេលមានការផ្លាស់ប្ដូរប្រធានាធិបតីអាមេរិកនាដើមឆ្នាំក្រោយ។
គួររំលឹកបន្តិចថា លោក Xi Jinping បានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកចុងក្រោយ ទៅកាន់ប្រទេសរុស្ស៊ីកាលពីខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីលោករក្សាបានតំណែងប្រធានាធិបតីចិន ៣អាណត្តិជាប់ៗគ្នា៕
អត្ថបទ៖ Luffy រូបភាព៖ ក្រសួងការបរទេសចិន