ចិនត្រៀមសាងសង់ទំនប់វារីអគ្គិសនីធំបំផុតលើលោកនៅតំបន់ខ្ពង់រាបទីបេ

រដ្ឋាភិបាលចិនបានអនុម័តលើគម្រោងសាងសង់ខ្នាតយក្សមួយ គឺទំនប់វារីអគ្គិសនីធំបំផុតលើលោកនៅភាគខាងកើត នៃតំបន់ខ្ពង់រាបទីបេ ខណៈផែនការមួយនេះទំនងប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃ របស់មនុស្សរាប់លាននាក់នៅប្រទេសឥណ្ឌា និងបង់ក្លាដែស។

តាមដានជាមួយយើង៖ Million Times
រូបភាពតំណាង

តាមរយៈការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ទំនប់វារីអគ្គិសនីមួយនេះ នឹងមានទីតាំងស្ថិតនៅផ្នែកខាងក្រោមនៃទន្លេ Yarlung Zangbo និងមានសមត្ថភាពផលិតអគ្គិសនី រហូតដល់ ៣០០ពាន់លានគីឡូវ៉ាត់ម៉ោងជារៀងរាល់ឆ្នាំ។

ផែនការមួយនេះ នឹងដើរតួយ៉ាងសំខាន់នៅក្នុងការសម្រេចគោលដៅរបស់ចិន សម្រាប់ការកាត់បន្ថយការប្រើប្រាស់ និងបញ្ចេញឧស្ម័នកាបូន ក៏ដូចជាជំរុញការវិនិយោគ និងបង្កើតឱកាសការងារបន្ថែមនៅតំបន់ទីបេ។

មកទល់ពេលនេះ គម្រោងចំណាយសម្រាប់ការបង្កើតទំនប់វារីអគ្គិសនីខ្នាតយក្សមួយនេះ មិនទាន់ត្រូវបានទម្លាយឲ្យដឹងនោះឡើយ ក៏ប៉ុន្តែមានការសន្និដ្ឋានថា ទំនប់ថ្មីនេះច្បាស់ជាចាយលុយច្រើនជាង ការសាងសង់ទំនប់វារីអគ្គិសនី Three Gorges តិចបំផុតក៏ ៤ដងដែរ។

គួររំលឹកបន្តិចថា ទំនប់ Three Gorges ចាយទុនអស់ប្រហែល ៣៥ពាន់លានដុល្លារ ដើម្បីសាងសង់ និងបច្ចុប្បន្នជាទំនប់វារីអគ្គិសនីធំបំផុតនៅប្រទេសចិន ដោយមានសមត្ថភាពផលិតអគ្គិសនីបាន ៨៨,២ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ៕

អត្ថបទ៖ Luffy រូបភាព៖ Jarkata Post