ក្រុមហ៊ុនរោងម៉ាស៊ិនកិនស្រូវ Kon Khmer Co., Ltd ដែលជាសហគ្រាសក្នុងស្រុកដ៏ធំមួយកំពុងប្រតិបត្តិការនៅខេត្តបាត់ដំបង បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់អង្ករជាមួយក្រុមហ៊ុន និងអាជីវកម្មវៀតណាមមួយចំនួនដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខា MoU លើកិច្ចព្រមព្រៀងផ្គត់ផ្គង់អង្កររវាងរោងម៉ាស៊ីនកិនស្រូវកូនខ្មែរ ធ្វើឡើងក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគវៀតណាម-កម្ពុជា ក្រោមប្រធានបទ «បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន និងសេដ្ឋកិច្ចឌីជីថល» ដែលសហការរៀបចំដោយ ស្ថាប័នពាណិជ្ជកម្មវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។
វេទិកានេះក៏មានការអញ្ជើញចូលរួមពីលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមសហព័ន្ធធុរកិច្ចវៀតណាមនៅកម្ពុជា ព្រមទាំងធុរជននៃប្រទេសទាំងពីរសរុប ១៤០នាក់។
គោលបំណងនៃវេទិកានេះគឺ ដើម្បីតភ្ជាប់ គាំទ្រ និងបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ធុរកិច្ចវៀតណាមក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគជាមួយនឹងសហគមន៍ធុរកិច្ចនៅកម្ពុជា។
សូមជម្រាបថា រោងម៉ាស៊ីនកិនស្រូវ “កូនខ្មែរ” មានទីតាំងស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥ នៃភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលបានដំណើរការតាំងពីឆ្នាំ២០០៧មកម្លេះ ដោយផ្តោតទៅលើគុណភាព និង អនាម័យជាចម្បង។
ខ្សែចង្វាក់ផលិតកម្មនីមួយៗ ចាប់តាំងពីជំហ៊ានដំបូង រហូតបានក្លាយជាផលិតផលសម្រេចចុងក្រោយសម្រាប់ផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ប្រចាំថ្ងៃក្នុងស្រុក ក៏ដូចជាការនាំចេញទៅក្រៅប្រទេស គឺមានភាពល្អិតល្អន់ សម្រិតសម្រាំង ច្បាស់លាស់ និងយកចិត្តទុកដាក់ខ្ពស់ទៅលើការត្រួតពិនិត្យលើគុណភាព និងអនាម័យ ដោយប្រើប្រាស់នូវគ្រឿងចក្រ និងបរិក្ខាទំនើបៗ គ្រប់គ្រាន់តាមលក្ខណៈបច្ចេកទេស និងស្របតាមស្តង់ដាត្រឹមត្រូវ ដើម្បីប្រាកដថាគ្រប់ គ្រាប់អង្ករនីមួយៗគឺមានគុណប្រយោជន៍ខ្ពស់ទាំងសារធាតុចិញ្ចឹម និងឱជារសឈ្ងុយឆ្ញាញ់៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផ្តល់ឲ្យ