វៀតណាមគ្រោងសង់អាកាសយានដ្ឋានថ្មីមួយ ក្បែរព្រំដែនប្រទេសកម្ពុជា

នាថ្ងៃទី២៥ ខែធ្នូ ទីភ្នាក់ងារព័ត៌មាន VNExpress បានរាយការណ៍ថា អាជ្ញាធរនៃខេត្ត Tay Ninh មានគម្រោងសាងសង់អាកាសយានដ្ឋានមួយ នៅភាគខាងជើងនៃខេត្តដែលជាប់ព្រំប្រទល់ជាមួយប្រទេសកម្ពុជា។

តាមដានជាមួយយើង៖ Million Times
ខេត្ត Tay Ninh

អាកាសយានដ្ឋានថ្មីនោះ នឹងមានទីតាំងស្ថិតនៅក្នុងស្រុក Duong Minh Chau មានគម្រោងសាងសង់ចន្លោះពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ជាមួយដើមទុន ៤,៧ទ្រីលានដុង ឬប្រហែល ១៨៥លានដុល្លារ។

គម្រោងប្រលានយន្តហោះថ្មីនេះ នឹងសាងសង់នៅលើផ្ទៃដីទំហំ ៤២០ហិកតា នឹងមានចំងាយ ៧៤គីឡូម៉ែត្រ ពីអាកាសយានដ្ឋាន Tan Son Nhat ក្នុងទីក្រុងហូជីមិញ ឆ្ងាយពីគម្រោងអាកាសយានដ្ឋាន Long Thanh ដែលកំពុងសាងសង់ក្នុងខេត្ត Dong Nai ប្រហែល ១០៦គីឡូម៉ែត្រ និងមានរយៈចំងាយត្រឹម ៤៤គីឡូម៉ែត្រប៉ុណ្ណោះ ពីព្រំដែនកម្ពុជា។

ក្នុងចំណោមទឹកប្រាក់ ៤,៧ទ្រីលានដុង មានតែ ១៥% ប៉ុណ្ណោះដែលចេញដោយរដ្ឋាភិបាល ខណៈទឹកប្រាក់ដែលសេសសល់ បានមកពីក្រុមហ៊ុនវិនិយោគនានា ដែលរកស៊ីទាំងនៅក្នុងវិស័យឯកជន និងសាធារណៈ។

ប្រលានយន្តហោះថ្មីរបស់វៀតណាមនេះ មិនទាន់ដាក់ឈ្មោះនោះឡើយ តែអាជ្ញាធរខេត្ត Tay Ninh អះអាងថា អាកាសយានដ្ឋានមួយនេះ នឹងធ្វើឡើងទៅតាមស្តង់ដារ 4E របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដែលមានន័យថា វាអាចផ្ទុកយន្តហោះខ្នាតធំដូចជា Boeing 777 និង Boeing 787 ឬក៏យន្តហោះដែលមានទំហំប្រហាក់ប្រហែលគ្នា ដែលប្រើជាទូទៅសម្រាប់ជើងហោះហើរអន្តរជាតិរយៈពេលវែង មានសមត្ថភាពផ្ទុកអ្នកដំណើរមួយលាននាក់ក្នុងមួយឆ្នាំ និង ៤០០ នាក់ក្នុងមួយម៉ោង។ គម្រោងមួយនេះត្រូវបានរំពឹងថា នឹងរកចំណូលជូនរដ្ឋាភិបាលបានរហូតដល់រយៈពេល ៤២ឆ្នាំ៕

អត្ថបទ៖ Luffy រូបភាព៖ VNExpress