Honda និង Nissan ចាប់ផ្ដើមបើកកិច្ចចរចាផ្លូវការ បញ្ចូលក្រុមហ៊ុនរួមគ្នាតែមួយ

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សជប៉ុន Honda និង Nissan បានប្រកាសកាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូថា ពួកគេបានឈានដល់ការជជែកផ្លូវការ ដើម្បីច្របាច់បញ្ចូលក្រុមហ៊ុនទាំង២ ឲ្យក្លាយជាក្រុមហ៊ុនតែមួយ និងវិវឌ្ឍន៍ខ្លួនក្លាយជាក្រុមហ៊ុនរថយន្តធំបំផុតលើលោកទី៣ ថែមទៀត។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន NBC។

តាមដានជាមួយយើង៖ Million Times

CEO ក្រុមហ៊ុន Honda លោក Toshihiro Mibe បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ក្រុមហ៊ុនទាំង២ សុទ្ធតែត្រូវការភាពប្រកួតប្រជែងខ្ពស់ ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗសម្រាប់រថយន្តអគ្គិសនី។ កិច្ចព្រមព្រៀងនេះ បង្កើតឡើងដើម្បីចែករំលែកចំណេះដឹង និងធនធានផ្សេងៗ ដើម្បីឈានដល់គោលដៅដែលក្រុមហ៊ុនទាំង២ ចង់បាន។

ក្រុមហ៊ុនទាំង២ នឹងព្រមព្រៀងបង្កើតក្រុមហ៊ុនថ្មីមួយទៀត និងដាក់ក្រុមហ៊ុននោះ ជាក្រុមហ៊ុនមេរបស់ Honda និង Nissan ស្របពេល Honda ដែលជាក្រុមហ៊ុនធំជាង នឹងមានសមាជិកក្រុមប្រឹក្សាភិបាល ច្រើនជាងក្រុមហ៊ុន Nissan។

តាមការសន្និដ្ឋានពី NBC បានឲ្យដឹងថា ក្រោយពេលបញ្ចូលក្រុមហ៊ុនរួមគ្នា ក្រុមហ៊ុនផលិតរថយន្តជប៉ុន នឹងអាចរកចំណូលប្រចាំឆ្នាំ ៣០ទ្រីលានយ៉េន ឬប្រហែល ១៩១,៤ពាន់លានដុល្លារ ជាមួយប្រាក់ចំណេញច្រើនជាង ៣ទ្រីលានយ៉េន ខណៈមូលធនទីផ្សាររបស់ពួកគេ នឹងមានរហូតដល់ ៥៤ពាន់លានដុល្លារឯណោះ។

សូមជម្រាបបន្ថែមថា ការចរចារវាងក្រុមហ៊ុនទាំង២ ត្រូវបានកំណត់បញ្ចប់សព្វគ្រប់ នៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខ៕

អត្ថបទ៖ Luffy រូបភាព៖ CNBC