លោក វ៉ាង វិពិន៖ ចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជាក្នុងការការពារសន្តិសុខជាតិ

ក្នុងឱកាសអបអរសាទរខួប២០ឆ្នាំនៃការបង្កើតវិទ្យាស្ថានខុងជឺ និងខួប១៥ឆ្នាំការបង្កើតវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ប្រមុខទូតចិនប្រចាំកម្ពុជា គូសបញ្ជាក់ថា ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ ក្នុងចំណោមប្រទេសដទៃទៀត។ 

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ ក្នុងចំណោមប្រទេសដទៃទៀត។ លោកបានរំលេចឲ្យដឹងថា គម្រោងកិច្ចសហប្រតិបត្តិការរួមគ្នាកម្ពុជាចិន ដូចជា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ពហុកីឡដ្ឋានជាតិកម្ពុជា ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានក្លាយជាកម្លាំងចលករយ៉ាងរឹងមាំ ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ 

តាមដានជាមួយយើង៖ Million Times

លោកបន្តថា ប្រឈមមុខនឹងផលប៉ះពាល់នៃជំងឺកូវីដ១៩ ប្រទេសចិននិងកម្ពុជាបានរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះ រួមគ្នាសរសេរទំព័រថ្មី នៃការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក។ ប្រមុខទូតរូបនេះបញ្ជាក់ថា ទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ត្រូវបានធ្វើឱ្យស៊ីជម្រៅជាលំដាប់ ហើយការកសាងសហគមន៍ជោគវាសនារួមគ្នាកម្ពុជាចិន បានឈានចូលយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ ស្តង់ដាខ្ពស់ និងកម្រិតខ្ពស់ ដែលបង្ហាញពីទស្សនវិស័យនៃការអភិវឌ្ឍដ៏ទូលំទូលាយឦ

បើតាម វ៉ាង វិនពិន សមិទ្ធផលនៃទំនាក់ទំនងកម្ពុជា-ចិន គឺមិនអាចកាត់ផ្តាច់បានពីកិច្ចសហប្រតិបត្តិការដ៏ស្អិតរល្មួត ក្នុងវិស័យអប់រំ និងការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំងពីរ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ បណ្ដុះបណ្ដាលភាសាចិន និងនិស្សិតនៃប្រទេសទាំងពីរ រួមទាំងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាផងដែរ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេក Wang Wenbin