កិច្ចសន្យាចំនួន១៦ ដែលមានតម្លៃសរុប ២៨៦,៣លានដុល្លារអាមេរិក និងកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន១៧ រវាងអង្គភាពឧស្សាហកម្មការពារជាតិរបស់វៀតណាម និងអាជីវកម្មមកពីប្រទេសផ្សេងៗ រួមមានសហរដ្ឋអាមេរិក ឥណ្ឌា បារាំង និងបែលហ្ស៊ិក ត្រូវបានចុះហត្ថលេខា នៅឯពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤ នៅទីក្រុងហាណូយ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មានវៀតណាម VNExpress។
ពិព័រណ៌មួយនេះ បានបានប្រមូលផ្តុំអង្គភាព និងសហគ្រាសចំនួន ២៤២មកពីជាង ៣០ប្រទេស និងបានរៀបចំធ្វើឡើងតាំងពីថ្ងៃទី១៩ ដល់ថ្ងៃទី ២២ ខែធ្នូ ធ្វើឡើងនៅលើផ្ទៃដីធំជាង ១០០ ០០០ម៉ែត្រការ៉េ។
នៅថ្ងៃចុងបញ្ចប់នៃពិព័រណ៌ការពារជាតិវៀតណាម ប្រជាជនច្រើនជាង ២៦០ ០០០នាក់ បានចូលរួមទស្សនា ហើយជំនួបទ្វេភាគី និងកិច្ចព្រមព្រៀងច្រើនជាង ១ ៨៧២ ត្រូវបានចុះហត្ថលេខានៅទីនោះផ្ទាល់។
សូមជម្រាបដែរថា ពិព័រណ៍ការពារជាតិលើកទី២ ដែលរៀបចំដោយក្រសួងការពារជាតិវៀតណាម ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ និងចែករំលែកបទពិសោធន៍ផ្នែកស្រាវជ្រាវ ផលិត និងប្រើប្រាស់អាវុធ សម្ភារៈទំនើបៗក្នុងវិស័យយោធា ក៏ដូចជាស្វែងរកឱកាសបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិ ជាមួយបណ្ដាក្រុមហ៊ុនមកពីប្រទេសជាច្រើន ដែលចូលរួមក្នុងពិព័រណ៍មួយនេះ៕
អត្ថបទ៖ Luffy រូបភាព៖ Cong Thuong