លោក Donald Trump អនាគតប្រធានាធិបតីអាមេរិកបានប្រកាសថា លោកនឹងធ្វើការតាមផ្លូវច្បាប់ ទាមទារសិទ្ធគ្រប់គ្រងព្រែកជីកប៉ាណាម៉ាវិញ បើសិនជារដ្ឋាភិបាលប៉ាណាម៉ា មិនកែប្រែច្បាប់ថ្លៃសេវាលើកប៉ាល់ដឹកទំនិញអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Hill។
ប្រធានាធិបតីអាមេរិកជាប់ឆ្នោតរូបនេះ អះអាងថា រដ្ឋាភិបាលប៉ាណាម៉ា បានទារថ្លៃសេវាច្រើនហួសហេតុ លើនាវាដឹកទំនិញរបស់អាមេរិក ទាំងដែលព្រែកជីកមួយនេះ គឺសាងសង់ដោយរដ្ឋាភិបាលអាមេរិក និងប្រគល់ជូនអាជ្ញាធរប៉ាណាម៉ា ជាអ្នកគ្រប់គ្រងប៉ុណ្ណោះ។
លោក Trump បាននិយាយថា ព្រែកជីកប៉ាណាម៉ា គឺជាផ្លូវទឹកពាណិជ្ជកម្មសំខាន់បំផុត សម្រាប់សុវត្ថិភាព និងសេដ្ឋកិច្ចអាមេរិក ហើយលោកនឹងទាមទារសិទ្ធគ្រប់គ្រងព្រែកជីកមួយនេះវិញ បើសិនរដ្ឋាភិបាលប៉ាណាម៉ា មិនអើពើនឹងបញ្ហាសេវាកម្ម លើនាវាដឹកទំនិញរបស់អាមេរិក។
រដ្ឋាភិបាលប៉ាណាម៉ាទាមទារថ្លៃពន្ធ និងសេវាកម្មចំពោះទូក និងនាវាដឹកទំនិញ ដែលឆ្លងកាត់ព្រែកជីករបស់ខ្លួន ទៅតាមទំហំ និងគោលបំណងរបស់នាវាទាំងនោះ ចន្លោះពី ០,៥ដុល្លារ រហូតដល់ ៣០០ ០០០ដុល្លារ ខណៈសហរដ្ឋអាមេរិក គឺជាអតិថិជនប្រើប្រាស់ព្រែកជីកមួយនេះ ច្រើនជាងបណ្ដាប្រទេសទាំងអស់ទូទាំងសកលលោក។
គួររំលឹកបន្តិចថា ព្រែកជីកប៉ាណាម៉ា ត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ១៩០៤ ក្នុងអាណត្តិប្រធានាធិបតីអាមេរិក Theodore Roosevelt ដើម្បីផ្ដល់នូវភាពងាយស្រួល ក្នុងការធ្វើពាណិជ្ជកម្មតាមផ្លូវទឹក រវាងមហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រប៉ាស៊ីហ្វិក។
ប៉ុន្តែនៅក្នុងឆ្នាំ១៩៩៩ ព្រែកជីកនេះត្រូវបានប្រគល់សិទ្ធគ្រប់គ្រងពេញលេញ ទៅកាន់រដ្ឋាភិបាលប៉ាណាម៉ា ក្រោមអនុសញ្ញាឆ្នាំ១៩៧៩ ចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាមេរិក Jimmy Carter។ លោក Trump បានហៅការសម្រេចចិត្តនេះ គឺជារឿងដែលឆ្កួតលីលាបំផុត៕
អត្ថបទ៖ Luffy រូបភាព៖ BBC