មេដឹកនាំស្លូវ៉ាគីបំពេញទស្សនកិច្ចដ៏កម្រ ជួបបុរសខ្លាឃុំទឹកកក Putin នៅរុស្ស៊ី

កាលពីថ្ងៃអាទិត្យ ទី២២ ខែធ្នូ នាយករដ្ឋមន្ត្រីប្រទេសស្លូវ៉ាគី លោក Robert Fico បានបំពេញទស្សនកិច្ចដ៏កម្រ ទៅកាន់ប្រទេសរុស្ស៊ី និងបានជួបជាមួយប្រធានាធិបតី Vladimir Putin។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA បានរាយការណ៍ថា លោក Fico បានធ្វើដំណើរទៅដល់ប្រទេសរុស្ស៊ី ដើម្បីបំពេញការងារ និងបានជជែកជាមួយលោក Putin នាល្ងាចថ្ងៃអាទិត្យ ហើយអ្នកទាំង២ បានពិភាក្សាលើបញ្ហាដែលកំពុងកើតមានទូទាំងសកលលោក ក៏ដូចជាការចរចាទិញឧស្ម័នធម្មជាតិពីរុស្ស៊ីផងដែរ។

លោក Fico បានអះអាងថា លោក Putin បានយល់ព្រមលើកិច្ចព្រមព្រៀងជួញដូរឧស្ម័នធម្មជាតិ ជាមួយប្រទេសស្លូវ៉ាគី និងបានត្រៀមខ្លួនធ្វើជាដៃគូពាណិជ្ជកម្ម ជាមួយប្រទេសលោកខាងលិច ដែលមានបំណងទិញឧស្ម័នធម្មជាតិពីរុស្ស៊ីដូចគ្នា។

មេដឹកនាំទាំង២រូប ក៏បានជជែកពីលទ្ធភាពនៃការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនដោយសន្តិវិធី ខណៈនាយករដ្ឋមន្ត្រីស្លូវ៉ាគីសង្ឃឹមថា ភ្លើងសង្គ្រាមមួយនេះ នឹងរលត់ក្នុងពេលឆាប់ៗខាងមុខ។

សូមជម្រាបដែរថា ដំណើរទស្សនកិច្ចដ៏កម្ររបស់មេដឹកនាំនៃប្រទេសអឺរ៉ុប ទៅកាន់រុស្ស៊ីសារនេះ ទទួលបានការរិះគន់យ៉ាងចាស់ដៃ ពីបក្សប្រឆាំងស្លូវ៉ាគី និងប្រទេសអ៊ុយក្រែន។ ទោះជារងការរិះគន់បែបនេះក្ដី ក៏នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បានសន្យាជាមួយបុរសខ្លាឃ្មុំទឹកកក Vladimir Putin ក្នុងការចូលរួមពិធី​ព្យុហយាត្រា​យោធា​នៅ​ទីក្រុង​ម៉ូស្គូ​នៅ​ខែ​ឧសភា​ខាង​មុខ ដែលជាគម្រប់ខួបទី ៨០ឆ្នាំ នៃការបង្ក្រាបកងទ័ពណាស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី២ ផងដែរ៕

អត្ថបទ៖ Luffy រូបភាព៖ AP