អតីតមេធំ IMF រងការកាត់ទោសជាប់ពន្ធនាគារជិត ៥ឆ្នាំ ពាក់ព័ន្ធករណីពុករលួយ

កាលពីថ្ងៃសុក្រ ទី២០ ខែធ្នូ តុលាការក្រុងម៉ាឌ្រីដបានសម្រេចផ្ដន្ទាទោសលោក Rodrigo Rato អតីតប្រធានស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF ឲ្យជាប់ពន្ធនាគារជិត ៥ឆ្នាំ ពីបទប្រពឹត្តអំពើពុករលួយ។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ការផ្ដន្ទាទោសថ្មីនេះ កើតឡើងក្រោយលោក Rato ទើបចេញពីពន្ធនាគារបានប៉ុន្មានឆ្នាំប៉ុណ្ណោះ ពោលលោកធ្លាប់បានចំណាយពេល ២ឆ្នាំ នៅក្នុងពន្ធនាគាររួចហើយចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ចំពោះបទល្មើសស៊ីសំណូកសូកប៉ាន់ អំឡុងពេលលោកមានតំណែងជាប្រធានធនាគារ Bankia។

សម្រាប់បទល្មើសថ្មីនេះ តុលាការបានបើកការស៊ើបអង្កេតរយៈពេលជិត ១ឆ្នាំ ទើបរកឃើញថា លោក Rato បានប្រព្រឹត្តបទល្មើសចំនួនបី ប្រឆាំងនឹងអាជ្ញាធរពន្ធដាររបស់អេស្ប៉ាញ ក៏ដូចជាអំពើពុករលួយដែលពាក់ព័ន្ធនឹងបុគ្គលក្រៅវិស័យសាធារណៈ និងការលាងលុយកខ្វក់។ តុលាការសម្រេចផ្ដន្ទាទោសអតីតមេធំ IMF រូបនេះ ជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ៩ខែ និងមួយថ្ងៃ។

គួររំលឹកបន្តិចថា លោក Rato វ័យ ៧៥ឆ្នាំ ធ្លាប់បម្រើការងារជាប្រធាន IMF ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៧ និងជាប្រធានធនាគារ Bankia ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១២។ លោកត្រូវបានតុលាការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយក្នុងឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រេឌីតកាតរបស់ធនាគារ ទិញគ្រឿងអលង្ការ និងធ្វើដំណើរកម្សាន្ត ច្រើនហួសការកំណត់៕

អត្ថបទ៖ Luffy រូបភាព៖ Intel Region