រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីរងការផាកពិន័យ ក្រោយជក់បារីនៅទីតាំងហាមឃាត់

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan ត្រូវទទួលរងការផាកពិន័យ បន្ទាប់ពីលោកបានជក់បារីមួយដើម នៅទីកន្លែងហាមឃាត់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។

តាមដានជាមួយយើង៖ Million Times
លោក Mohamad Hasan ប្រទះឃើញកាន់កន្ទុយបារីនៅហាងអាហារ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល Dzulkefly Ahmad បានបង្ហោះរូបភាពលោក Hasan ពេលរដ្ឋមន្ត្រីរូបនេះ កំពុងឈរជក់បារីនៅក្នុងហាងលក់អាហារតាមចិញ្ចើមផ្លូវ ក្នុងរដ្ឋ Negeri Sembilan នៃប្រទេសម៉ាឡេស៊ី។

តាមច្បាប់ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ម៉ាឡេស៊ី រាល់ការជក់បារីតាមហាងលក់អាហារ និងភោជនីយដ្ឋានទាំងអស់ ត្រូវរាប់បញ្ចូលជាអំពើខុសច្បាប់។ បុគ្គលដែលល្មើសច្បាប់នេះ នឹងរងការផាកពិន័យ រហូតដល់ ៥ ០០០រីងហ្គីត ឬប្រហែល ១ ១២០ដុល្លារ។

ជុំវិញបញ្ហាមួយនេះ លោក Hasan ក៏បានចេញមុខសុំទោសជាសាធារណៈកាលពីថ្ងៃពុធ និងបាននិយាយថា លោកទទួលបានការព្រមានពីអាជ្ញាធរសុខាភិបាល ក៏ប៉ុន្តែមិនបានបង្ហើបពីទំហំទឹកប្រាក់ ដែលត្រូវពិន័យនោះឡើយ៕

អត្ថបទ៖ Luffy រូបភាព៖ India Today