អធិការបតីអាល្លឺម៉ង់ Olaf Scholz ត្រូវបានសភាបោះឆ្នោតដកសេចក្ដីទុកចិត្ត

កាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ សភាអាល្លឺម៉ង់បានរៀបចំការបោះឆ្នោត និងអនុម័តលើការដកសេចក្ដីទុកចិត្ត ពីអធិការបតី Olaf Scholz ខណៈរូបលោកគឺជាអ្នកស្នើឲ្យរៀបចំការបោះឆ្នោតនេះឡើង។

តាមដានជាមួយយើង៖ Million Times

តាមរយៈការចុះផ្សាយពីសារព័ត៌មាន CNN បានឲ្យដឹងថា អាល្លឺម៉ង់នឹងរៀបចំការបោះឆ្នោតសកលបន្ទាន់មួយនាដើមឆ្នាំក្រោយ។ លទ្ធផលនៃការបោះឆ្នោតដកសេចក្ដីទុកចិត្ត ដែលស្នើឡើងដោយអធិការបតីរូបនេះផ្ទាល់ គឺមាន ៣៩៤សម្លេងយល់ព្រមដកសេចក្ដីទុកចិត្ត ខណៈសមាជិកសភា ២០៧រូបប្រឆាំង និងមាន ១១៦ អនុប្បវាទ។

ការណ៍នេះផងដែរ គឺបានធ្វើឲ្យរបបរដ្ឋាភិបាលរបស់លោក Olaf ឈានមកដល់ទីបញ្ចប់ជាស្ថាពរ ខណៈការបោះឆ្នោតថ្មី កំណត់ធ្វើឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំក្រោយ ពោលគឺមានរយៈពេលលឿនជាងកាលកំណត់រយៈពេល ៧ខែ។

ទីភ្នាក់ងារព័ត៌មាន BBC បានរាយការណ៍ថា លោក Olaf បានដឹងពីជោគវាសនារបស់ខ្លួនរួចស្រេចហើយ ដោយរយៈពេលប៉ុន្មានខែចុងក្រោយ ប្រជាប្រិយភាពរបស់លោកបានស្រុតចុះជាខ្លាំង ហើយលោកដឹងច្បាស់ថា ប្រាកដជាទទួលបរាជ័យក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្តមួយនេះ។

ទោះជាដឹងថាចាញ់ហើយ ក៏នៅស្នើឲ្យមានការបោះឆ្នោត ក៏ព្រោះតែលោក Olaf យល់ឃើញថា ភាពបរាជ័យគឺជៀសមិនផុតឡើយ ដូច្នេះបើទោះជាពន្យារពេលក៏គ្មានន័យ និងមានតែខាតបង់ប្រយោជន៍កាន់តែច្រើន។ លោក Olaf យល់ឃើញថា ការរៀបចំការបោះឆ្នោតបន្ទាន់នាឆ្នាំក្រោយ គឺជាក្ដីសង្ឃឹមតែមួយគត់ ដែលអាចស្រោចស្រង់បក្សរបស់លោក ដែលកំពុងធ្លាក់កូដខ្លាំង។

លោក Scholz បានដាក់សំណើទៅកាន់ប្រធានាធិបតីអាល្លឺម៉ង់ Frank Walter Steinmeier ក្នុងការរំលាយសភា បន្ទាប់ពីលោកបរាជ័យក្នុងការបោះឆ្នោតនោះនាថ្ងៃទី១៦ ខែធ្នូ។ មេដឹកនាំអាល្លឺម៉ង់ មានពេល ២១ថ្ងៃ ដើម្បីប្រកាសពីការរំលាយសភា។

សូមជម្រាបដែរថា អាល្លឺម៉ង់ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប បានក្លាយជាប្រទេសទី២ បន្ទាប់ពីប្រទេសបារាំង ដែលត្រូវបានសភាបោះឆ្នោតផ្ដួលរលំរដ្ឋាភិបាល។ ប្រទេសទាំង២ មានជោគវាសនាដូចគ្នា ដោយថ្នាក់ដឹកនាំរដ្ឋាភិបាលទាំង ២រូប សុទ្ធតែបរាជ័យក្នុងការបោះឆ្នោតលើសេចក្ដីទុកចិត្ត ស្របពេលបក្សកាន់អំណាចក៏កំពុងធ្លាក់កូដដូចគ្នា៕

អត្ថបទ៖ Luffy រូបភាព៖ CNN