កំពូលមហាសេដ្ឋីមានបំផុតចំនួន ៥៥រូបនៅប្រទេសចិន កំពុងមានក្ដីរីករាយ ដោយសារទ្រព្យសម្បត្តិរបស់ពួកគេមានការកើនឡើងខ្លាំងលើកដំបូង ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ទ្រព្យសម្បត្តិសរុបរបស់កំពូលអ្នកមាននៅចិន មានកំណើនរហូតដល់ ១៦% គិតចាប់ពីខែមករា រហូតដល់ពាក់កណ្ដាលខែធ្នូ សរុបប្រហែល ៨០៩ពាន់លានដុល្លារ។
ក្នុងនោះស្ថាបនិកក្រុមហ៊ុន Tencent លោក Pony Ma កើបលុយបានច្រើនជាងគេ ដោយទ្រព្យសម្បត្តិរបស់លោក មានកំណើនប្រហែល ១ភាគ៣ សរុប ៤៨ពាន់លានដុល្លារ ស្របពេលស្ថាបនិកក្រុមហ៊ុនផលិតទូរស័ព្ទ Xiaomi លោក Lei Jun កើនទ្រព្យសម្បត្តិដល់ ១២,៨ពាន់លានដុល្លារ។
ការកើនឡើងនៃទំហំទ្រព្យសម្បត្តិដ៏ច្រើនរបស់មហាសេដ្ឋីចិន ត្រូវបានជំរុញយ៉ាងខ្លាំងពីវិស័យបច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិទ្យា AI និងការផលិតបន្ទះឈីប តួយ៉ាងក្រុមអ្នកមានដែលរកស៊ីនៅលើវិស័យមួយនេះ កម្រជួបប្រទះការខាតបង់ខ្លាំងណាស់ សម្រាប់រយៈពេល ២ឆ្នាំចុងក្រោយ៕
អត្ថបទ៖ Luffy រូបភាព៖ Nation Thailand