ការឆបោកតាមរយៈអនឡាញ បានរីកសុះសាយពាសពេញប្រទេសវៀតណាមក្នុងឆ្នាំ២០២៤ និងបានធ្វើឲ្យប្រជាពលរដ្ឋខាតបង់ថវិកាសរុបដល់ទៅ ១៨,៩ទ្រីលានដុង ឬប្រមាណ ៧៤៤លានដុល្លារ។ នេះបើតាមការឲ្យដឹងពីសមាគមជាតិសន្តិសុខតាមអ៊ីនធឺណិត ហៅកាត់ NCA បានប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មាន VNExpress។
ប្រភពដដែលបានបន្ថែមថា ការឆបោកតាមរយៈអនឡាញភាគច្រើន គឺមានទម្រង់ដូចជា អូសទាញជនរងគ្រោះឲ្យធ្វើការបណ្ដាក់ទុន លើគម្រោងខ្យល់ ជាមួយការសន្យាផ្ដល់ជូនប្រាក់ចំណេញច្រើន។
NCA បានស្រាវជ្រាវ និងរកឃើញថា ចន្លោះពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ មានប្រជាជនច្រើនជាង ៥៩ ០០០នាក់ ត្រូវបានចាញ់បោកតាមអនឡាញ ហើយមានតែ ៤៥,៧% ប៉ុណ្ណោះ បានរាយការណ៍ទៅប៉ូលិស។
អាជ្ញាធរវៀតណាម បានព្យាយាមបង្ក្រាបអំពើឆបោកតាមអនឡាញយ៉ាងខ្នះខ្នែង ក៏ប៉ុន្តែជនឆបោកនៅតែរីកដូចផ្សិតពេញប្រទេស។ ប៉ូលិសបានឲ្យដឹងថា ជនឆបោកទាំងនោះ បានប្រើបច្ចេកវិទ្យាទំនើប AI បង្កើតរូបភាព វីដេអូ និងសម្លេងក្លែងក្លាយ ដើម្បីសន្ទនាជាមួយជនរងគ្រោះ និងប្រើកុំព្យូទ័រពិសេស ដែលអាចតេទូរស័ព្ទទៅកាន់មនុស្សច្រើននាក់ ក្នុងពេលតែមួយថែមទៀត៕
អត្ថបទ៖ Luffy រូបភាព៖ Maze Vietnam