ថៃគ្រោងចំណាយថវិកាជិត ៩ពាន់លានដុល្លារ ដើម្បីកែលម្អប្រព័ន្ធផ្លូវដែកក្នុងប្រទេស

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក Suriya Jungrungreangkit បានប្រកាសនាថ្ងៃពុធ ទី១៨ ខែធ្នូថា រដ្ឋាភិបាលកំពុងមានផែនការ កែលម្អប្រព័ន្ធផ្លូវដែកក្នុងប្រទេសឲ្យកាន់តែប្រសើរជាងមុន ដោយមានកញ្ចប់ចំណាយ ៣០០ពាន់លានបាត ឬប្រហែល ៨,៨ពាន់លានដុល្លារ។

តាមដានជាមួយយើង៖ Million Times

តាមរយៈការចុះផ្សាយពីសារព័ត៌មាន VNExpress បានឲ្យដឹងថា ផែនការកែលម្អប្រព័ន្ធផ្លូវដែកនេះ នឹងធ្វើឡើងសម្រាប់ស្ថានីយ៍រថភ្លើងចំនួន ៦កន្លែង រួមមាន ស្ថានីយ Pak Nam Pho-Den Chai ចំងាយ ២៨១គីឡូម៉ែត្រ ស្ថានីយ Chira Junction-Ubon Ratchathani ចំងាយ ៣០៨គីឡូម៉ែត្រ ស្ថានីយ Hat Yai-Padang Besar ចំងាយ ៤៥គីឡូម៉ែត្រ ស្ថានីយ Chumphon-Surat Thani ចំងាយ ១៦៨គីឡូម៉ែត្រ ស្ថានីយ Surat Thani-Hat Yai-Songkhla ចំងាយ ៣២១គីឡូម៉ែត្រ និងចុងក្រោយគឺស្ថានីយ Den Chai- Chiang Mai ចំងាយ ១៨៩គីឡូម៉ែត្រ។

ផែនការមួយនេះទទួលបានការយល់ព្រមពីការិយាល័យថវិកាជាតិរួចស្រេចហើយ ហើយបច្ចុប្បន្នកំពុងរង់ចាំការត្រួតពិនិត្យបន្ថែមពីក្រសួងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ហៅកាត់ NESDC។

លោក Suriya បានមានប្រសាសន៍ថា ការឆ្លើយតបពីក្រសួងទាំង២ ជុំវិញការអនុម័តគម្រោងមួយនេះ រំពឹងទទួលបានត្រឹមចុងខែធ្នូ ខណៈការយល់ព្រមពីគណៈរដ្ឋមន្ត្រី ទំនងសម្រេចបានត្រឹមខែមករា ឆ្នាំក្រោយ៕

អត្ថបទ៖ Luffy រូបភាព៖ VNExpress