ស្រ្តីខ្លាំងក្នុងមុខជំនួញ សេដ្ឋីនី ឡេង ដាវី ដឹកនាំកម្មករចៀរជ័រកៅស៊ូ ទៅប្រកួតនៅវៀតណាម ជាប់ក្នុងលំដាប់ពិន្ទុកំពូល ២រូប

ជា​ស្ត្រី​ជើង​ខ្លាំង​ម្នាក់​ក្នុង​វិស័យ​ជំនួញ អគ្គ​នាយិកា ឡេង ដាវី ទើប​បញ្ចប់​ការងារ​នៅ​ខ្មែរ​ភ្លាម ក៏​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​ម្ដង​ទៀត ដោយ​លើក​នេះ​ដឹកនាំ​ផ្នែក​ដំណាំ​ឧស្សាហកម្ម​ចម្ការ​កៅស៊ូ​វិញ។

សេដ្ឋីនី ឡេង ដាវី បាន​ដឹកនាំ​កម្មករ​ជំនាញ​ចៀរ​ជ័រ​កៅស៊ូ​របស់​ក្រុមហ៊ុន ឬទ្ធីរ៉ាប់បឺ ចេញ​ទៅ​កម្មវិធីប្រកួត «បាត​ដៃ​មាស​ប្រមូល​ទិន្នផល​ជ័រ​កៅស៊ូ» នៅ​ខេត្ត​ប៊ិញភឿក ប្រទេស​វៀតណាម​រយៈ​ពេល ៣ថ្ងៃ ដោយ​ទទួល​បាន​លទ្ធផល​ល្អ​ខ្លាំង ក្នុង​ឆ្នាំ​ដំបូង។ ក្នុង​នោះ​ក្រុមហ៊ុន​របស់​គ្រួសារ អគ្គ​នាយិកា ឡេង ដាវី បាន​បញ្ជូន​ទាំង​បុរស និង​ស្ត្រី។

តាមដានជាមួយយើង៖ Million Times

កម្មវិធី​ប្រកួត «បាតដៃ​មាស​ប្រមូល​ទិន្នផល​ជ័រ​កៅស៊ូ» នៅ​ប្រទេស​វៀតណាម​ធ្វើ​ឡើង​រៀងរាល់ ២ឆ្នាំ​ម្ដង ហើយ​រៀបចំ​ឡើង​ដោយ​សម្ពន្ធ​កៅស៊ូ​វៀតណាម ​VRG (វីអរជី)។ សម្រាប់​ឆ្នាំ​នេះ​កម្មវិធី​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ ១៥, ១៦, ១៧ ខែ​ធ្នូ កន្លង​ទៅ ដែល​អាយុ​កាល​នៃ​កម្មវិធី​ប្រកួត​នេះ ២៨ឆ្នាំ​ហើយ និង​មាន​ការ​ប្រកួត​រៀងរាល់ ២ ឆ្នាំ​ម្ដង ហើយ​នេះ​ជា​ការ​រៀបចំ​ប្រកួត​លើក​ទី១៤ ដោយ​លើក​នេះ​មាន​ការ​ចូលរួម ៦០ក្រុមហ៊ុន​ធំ​ៗ ហើយ​បេក្ខភាព​ប្រកួត​មាន ២៤០ នាក់ មកពី ៣ប្រទេសរួមមាន វៀតណាម, ខ្មែរ និង​ឡាវ។

ឆ្នាំនេះ​ក្រុមហ៊ុន ឬទ្ធីរ៉ាប់បឺ ដែល​មាន​ផ្ទៃដី ដាំចុះ​កៅស៊ូ ១៦៦១ ហិតតាជា​ក្រុមហ៊ុន​ឯកជន​ខ្មែរ​ទី​១ បាន​ចុះ​ឈ្មោះ​ចូលរួម​ការ​ប្រកួត​នៅប្រទេស​វៀតណាម។ មុន​បញ្ជូន​បេក្ខភាព​ចេញ​ទៅ​ប្រកួត​ក្រៅ​ប្រទេស ឬទ្ធីរ៉ាប់បឺ បាន​រៀបចំ​ការ​ប្រកួត​ផ្ទៃក្នុង និង​ថ្នាក់​ជាតិដោយ​ជម្រុះ​តាម​បទដ្ឋាន​ត្រឹមត្រូវ​ជាមុន​សិន កាល​ពី​អំឡុង​ចុង​ខែ​​កញ្ញា ឆ្នាំ២០២៤ ដើម្បី​ចម្រាញ់​យក​កម្មករ​កំពូល​ល្បឿន មាន​របៀបរបបចេញ​ទៅ​តំណាង។

សេដ្ឋី​នី ដាវី បាន​ប្រាប់​ពី​លក្ខន្តិកៈ​នៃ​ការ​ប្រកួត «បាត​ដៃ​មាស​ប្រមូល​ទិន្នផល​ជ័រ​កៅស៊ូ» រួម​មាន​ជា​ក្រុម ឯកត្តជន ដោយ​​ពិន្ទុ​កំណត់ ១០០ ពេញ គឺ​ជា​អ្នក​ជាប់​លេខ ១ បាន​ទទួល​បាត​ដៃ​មាស។ ចំណែកបុគ្គលិក​ក្រុមហ៊ុន ឬទ្ធីរ៉ាប់បឺ ២ រូប ដែល CEO ឡេង ដាវី បញ្ជូន​ទៅទទួល​បាន​មេដៃ​ឆ្នើម ក្នុង​នោះ​បេក្ខជន​ទទួល​បាន​ពិន្ទុ ៩៧.៥ ហើយ​បេក្ខនារី​ពិន្ទុ ៩៨.៥។

ក្រៅ​ពី​បាត​ដៃ​មាស បាត​ដៃ​ឆ្នើម អ្នក​ទទួល​បាន​ពិន្ទុ​ល្អ នឹង​ទទួល​បាន​ប័ណ្ណ​សរសើរ ដែល​បញ្ជាក់​ថា​មាន​គ្រប់​បច្ចេកទេស ឬ​ភាសា​ងាយ​ស្រួល​យល់​ហៅ​ថា សញ្ញាប័ត្រ​ចៀរ​ជ័រ ព្រម​ជាមួយ​ប្រាក់​រង្វាន់​មួយ​ចំនួន តាម​ប្រភេទ​ពិន្ទុ។ ចំណែក​ក្រុមហ៊ុន​លោកស្រី ពេល​ប្រកួត​ផ្ទៃ​ក្នុង​នៅ​ខ្មែរ ក៏​មាន​រង្វាន់​ដូច​ជា​ខ្សែ​ក​មាស ប្រាក់​សុទ្ធ​លើក​ទឹក​ចិត្ត​មួយ​ចំនួន​មុន​ចេញ​ទៅ​ប្រកួត​នៅ​វៀតណាម។

កម្មវិធី​ខាង​លើ រៀបចំ​ឡើង ដើម្បី​លើក​កម្ពស់ និង​លើក​ទឹក​ចិត្ត​បុគ្គលិក​ចៀរ​ជ័រ​មាន​ស្នាដៃ​ល្អ និង​បើក​ឱកាស​ឲ្យ​ក្រុម​អ្នក​ជំនួញ​ផ្នែក​នោះ បាន​បង្ហាញ​ស្នាដៃ ព្រម​ទាំង​មោទកភាព​ចំពោះ​ខ្លួនឯង ដែល​មាន​ជំនាញ​ចៀរ​ជ័រ​បាន​យ៉ាង​ល្អ ក៏​ដូច​ជា​ឲ្យ​តម្លៃ​ដល់​ការងារ​របស់​ខ្លួន។ ម្យ៉ាង​ការ​ងារ​ចៀរ​ជ័រ ជា​ការងារ​ដ៏​លំបាក​មួយ ព្រោះ​ត្រូវ​ធ្វើ​តាំងពី​មេឃ​មិន​ទាន់​បើក​ថ្ងៃ ហើយ​ក្នុង​អាកាស​ធាតុ​ត្រជាក់ និង​បញ្ជាក់​ឲ្យ​អ្នក​ដទៃ​ដឹង​ថា ការងារ​ចៀរ​ជ័រ​កៅស៊ូ ជា​ការងារ​មួយ​ប្រភេទ​ដែល​ត្រូវ​ការ​មនុស្ស​មាន​ភាព​តស៊ូ ទើប​អាច​សម្រេច​បាន។

ក្រុមហ៊ុន ឬទ្ធីរ៉ាប់បឺ ដែល​ជា​ជំនួញ​ធំ​មួយ​ផ្នែក​ទៀត​របស់​គ្រួសារ​សេដ្ឋី ឡេង ឫទ្ធី។ ក្នុង​ការ​ចំណាយ​ផ្សេង​ៗ​ទាំង​អស់​របស់​បេក្ខភាព​ពី​កម្ពុជា ក្រុមហ៊ុន​ជា​អ្នក​រ៉ាប់រង​គ្រប់​យ៉ាង។ ដើម្បី​ឲ្យ​ក្រុម​អ្នក​ជំនាញ​របស់​ខ្លួន​មាន​កម្លាំង​ចិត្ត ក្រុមហ៊ុន​ក៏​ឆ្លៀត​ជូន​​ដើរ​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​ខ្លះ​ៗ​នៅ​វៀតណាម​ ហើយ​ពេល​ត្រឡប់​មកវិញ នា​ថ្ងៃ ២០ ខែ​ធ្នូ​ខាង​មុខ មាន​ការ​ជប់លៀង​ជូន​អ្នក​ទាំង​អស់​នោះ ព្រម​ទាំង​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​​​ផ្នែក​បច្ចេកទេស​ផ្សេង​ៗ។

នារី​វ័យ​ក្មេង តែ​កាន់កាប់​ជំនួញ​គ្រួសារ​ជាច្រើន​ក្នុង​ដៃ ឡេង ដាវី បាន​ចូលរួម​យ៉ាង​សកម្ម​ដល់​ការ​លើក​កម្ពស់​ជំនាញ​នៅ​ក្នុង ឬទ្ធីរ៉ាប់បឺ ក៏​ដូចជា​ជំរុញ​ដល់​បុគ្គលិក​ដែល​មាន​ជំនាញ​ច្បាស់លាស់ ខិតខំ​ប្រឹងប្រែង​ធ្វើការ​ទទួល​បាន​លទ្ធផល​ល្អ ដែល​នោះ​ជា​ការ​រួម​ចំណែក​ជួយ​ទាំង​ខ្លួន​ឯង គ្រួសារ ក្រុមហ៊ុន ក៏​ដូចជា​ជួយ​ដល់​សង្គម​ជាតិ នោះ​ទើប​ស័ក្ដិសម​ជា​​មាន​អ្នក​ជំនាញ​ពិត​ប្រាកដ និង​យល់​ពី​តម្លៃ​ការងារ៕

អត្ថបទ៖ មេរ៉ា រូបភាព៖ ផ្តល់ឲ្យ