ប្រធានាធិបតី Zelenskyy អញ្ជើញសម្តេច ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន

ប្រធានាធិបតី Volodymyr Zelenskyy និងប្រធានរដ្ឋសភាអ៊ុយក្រែន បានអញ្ជើញសម្ដេច ហ៊ុន សែន ដើម្បីទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែននាពេលខាងមុខ។ បើតាមលោក Oleksandr Gaman ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ក្នុងពេលចូលជួបសម្ដែងការគួរសមសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារនេះ។

ស្ថិតនៅវិមានព្រឹទ្ធសភាកម្ពុជា លោក Gaman បានលើកឡើងថា ជំនួបថ្នាក់ដឹកនាំរបស់អ៊ុយក្រែន និងថ្នាក់ដឹកនាំកម្ពុជា ជាពិសេសជាមួយសម្តេចហ៊ុន សែន នាពេលកន្លងមក សបញ្ជាក់ឱ្យឃើញអំពីទំនាក់ទំនងល្អនៃប្រទេសយើងទាំងពីរ។ 

ឆ្លៀតក្នុងជំនួបនេះ លោកសូមពាំនាំការអញ្ជើញរបស់ប្រធានាធិបតី លោក Volodymyr Zelenskyy និងប្រធានរដ្ឋសភាអ៊ុយក្រែន ចំពោះសម្តេចប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន បន្ទាប់ពីសម្តេចបានអញ្ជើញទៅអ៊ុយក្រែនកាលពីឆ្នាំ១៩៨១។

ជាមួយគ្នានេះ លោក Gaman បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកម្ពុជា ដែលបានជួយបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែនជាច្រើនលើក។ លោកបានបញ្ជាក់ថា អ៊ុយក្រែនអាចនឹងប្រើពេលប្រមាណ ១០០ឆ្នាំ ក្នុងការបោសសម្អាតមីនទូទាំងប្រទេស ប្រសិនបើគ្មានការចូលរួមគាំទ្រពីសហគមន៍អន្តរជាតិ រួមទាំងកម្ពុជា។

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាយល់ច្បាស់ពីសង្គ្រាម ហើយវាមិនមែនជាការចៃដន្យនោះទេ ដែលកម្ពុជាជ្រើសយកការគោរពតាមច្បាប់អន្តរជាតិ ដើម្បីរក្សាបានសុខសន្តិភាព ហើយជំហរនេះកម្ពុជានឹងមិនផ្លាស់ប្តូរនោះឡើយ។ សម្តេចបានបញ្ជាក់ថា កម្ពុជានឹងបន្តយន្តការគាំទ្រ និងបណ្តុះបណ្តាលអ្នកដោះមីន ដោយសហការជាមួយប្រទេសជប៉ុន។ សម្តេចបានរំលឹកថា សម្តេច បានឆ្លើយតបទៅនឹងប្រធានសភាអ៊ុយក្រែនថា កម្ពុជាអាចបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព (រួមទាំងអ្នកដោះមីន) ទៅក្រៅប្រទេស តែក្នុងលក្ខខណ្ឌក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិប៉ុណ្ណោះ។

សម្តេចបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន នៅក្នុងការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ហើយសូមទទួលយកការអញ្ជើញទៅទស្សនកិច្ចនៅអ៊ុយក្រែន នាពេលវេលាសមស្របខាងមុខ បន្ទាប់ពីទស្សនកិច្ចរបស់សម្តេច នៅទីក្រុងគៀវ នៅឆ្នាំ១៩៨១។  

ជាថ្មីម្តងទៀត លោក Oleksandr Gaman បានថ្លែងអំណរគុណសម្តេច និងកម្ពុជា ចំពោះជំហរជាពេលកន្លងមក និងរង់ចាំទទួលទស្សនកិច្ច សម្តេចនាពេលខាងមុខនៅអ៊ុយក្រែន៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ