ស្ថាបនិកក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Ozy Media លោក Carlos Watson ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ រយៈពេលជិត ១០ឆ្នាំ ក្រោយរដ្ឋអាជ្ញាអាមេរិករកឃើញថា លោកបានឆបោកវិនិយោគិនពីស្ថានភាពហិរញ្ញវត្ថុក្រុមហ៊ុន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃចន្ទ។
រដ្ឋអាជ្ញាសហព័ន្ធបានរកឃើញថា លោក Watson និងក្រុមហ៊ុនរបស់លោកដែលមានទីស្នាក់ការកណ្ដាលនៅរដ្ឋ California បានក្លែងបន្លំព័ត៌មានហិរញ្ញវត្ថុ និងភូតកុហកវិនិយោគិនពីកិច្ចកុងត្រាផ្សេងៗ។ តុលាការសម្រេចផ្ដន្ទាទោសលោក Watson ដាក់ពន្ធនាគាររយៈពេល ១១៦ខែ។
ម្ចាស់ក្រុមហ៊ុនរូបនេះ ក៏បានដាក់ពាក្យប្ដឹងឧទ្ធរណ៍ និងបានអះអាងថា រូបលោកស្អាតស្អំ ដោយមិនបានប្រព្រឹត្តខុសច្បាប់ឡើយ។ មេធាវីរបស់លោកបានប្រាប់ទៅកាន់គណៈវិនិច្ឆ័យថា លោក Watson ក៏ជាជនរងគ្រោះម្នាក់ដែរ ដោយបុគ្គលិកដទៃជាអ្នកប្រព្រឹត្តរឿងទាំងនេះ ហើយទម្លាក់កំហុសលើរូបលោក។
មេធាវីរបស់លោក Watson បានស្នើសុំតុលាការបន្ធូរបន្ថយទោសម្ចាស់ក្រុមហ៊ុនរូបនេះ មកនៅត្រឹមរយៈពេល ២ឆ្នាំ ដោយសំអាងថា លោកជាជនស្លូតត្រង់ ដែលចាញ់បោកល្បិចជនខិលខូចប៉ុណ្ណោះ៕
អត្ថបទ៖ Luffy រូបភាព៖ AP