ចំពោះមុខលោក Trump មហាសេដ្ឋីជប៉ុនសន្យាបោះទុនវិនិយោគ ១០០ពាន់លានដុល្លារនៅអាមេរិក

កាលពីព្រឹកថ្ងៃចន្ទ ប្រធានាធិបតីជាប់ឆ្នោត Donald Trump និងមហាសេដ្ឋីជប៉ុន Masayoshi Son នាយកប្រតិបត្តិក្រុមហ៊ុន SoftBank បានជួបពិភាក្សាការងារនៅឯភូមិគ្រឹះ Mar a Lago ខណៈមនុស្សកំពូលលុយជនជាតិជប៉ុនអះអាងថា ក្រុមហ៊ុនរបស់លោកនឹងចាយលុយ ១០០ពាន់លានដុល្លារ បង្កើនការវិនិយោគនៅអាមេរិក។

តាមដានជាមួយយើង៖ Million Times

តាមរយៈការចុះផ្សាយពីសារព័ត៌មាន CNBC បានឲ្យដឹងថា ផែនការវិនិយោគខ្នាតយក្សនេះ នឹងបង្កើតឱកាសការងាររហូតដល់ ១០០ ០០០កន្លែង ក្នុងរយៈពេល ៤ឆ្នាំ ដែលនឹងផ្ដោតសំខាន់លើបញ្ញាសិប្បនិម្មិត ហេដ្ឋារចនាសម្ព័ន្ធ AI រួមទាំងវិស័យថាមពល មជ្ឈមណ្ឌលទិន្នន័យ និងបន្ទះឈីបជាដើម។

គួររំលឹកបន្តិចថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនមហាសេដ្ឋីជប៉ុនលើកឡើងនេះ គឺស្រដៀងគ្នានឹងផែនការបណ្ដាក់ទុនរបស់លោក កាលពីខែធ្នូ ឆ្នាំ២០១៦ ពោលលោក Son សន្យាចាយលុយ ៥០ពាន់លានដុល្លារ បង្កើតការងារ ៥០ ០០០កន្លែង។

ប៉ុន្តែចុងក្រោយ SoftBank ចាយដល់ ៧៥ពាន់លានដុល្លារឯណោះ ស្របពេលចំនួនការងារមិនមានតួរលេខច្បាស់លាស់ ដ្បិតការវិនិយោគអស់ទាំងនោះ កើតឡើងចំពេលមានជំងឺរាតត្បាតកូវីដ ១៩៕

អត្ថបទ៖ Luffy រូបភាព៖ CNN