អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ធ្វើការជួសជុល និងអភិរក្សទម្រង់ដើមនៃចេតិយលោក ហ្សង់ អ៊ែលដឺរេម៉ុង (Jean L. de Raymond) ដែលជាស្នងការបារាំងចុងក្រោយនៅកម្ពុជា។
ក្រសួងវប្បធម៌ បានឲ្យដឹងថា ចេតិយនេះ សាងសង់ឡើងនៅឆ្នាំ១៩៥១ ក្នុងបរិវេណនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសជូនលោក ហ្សង់ អ៊ែលដឺរេម៉ុង ស្នងការចុងក្រោយនៃសាធារណៈរដ្ឋបារាំងប្រចាំនៅកម្ពុជា ពោលគឺមុនសម័យកាលដែលប្រទេសកម្ពុជាទទួលឯករាជ្យ។
ក្រសួងវប្បធម៌បានបញ្ជាក់ថា ការងារអភិរក្សនិងជួសជុលនេះ បានចាប់ផ្តើមកាលពីខែកក្កដា ឆ្នាំ២០២៤ ហើយបានបញ្ចប់ក្នុងខែវិច្ឆិកាកន្លងទៅ។ ការងារនេះ ជាទម្រង់មួយ នៃកិច្ចការអភិរក្សចេតិយនាសតវត្សរ៍ទី២០ ដែលបានកសាងឡើងក្នុងសម័យអាណាព្យាបាលបារាំង។
បើតាមក្រសួងវប្បធម៌ កិច្ចសហការលើការងារអភិរក្សនេះ គឺជាគម្រូមួយនៃកិច្ចសហការអន្តរក្រសួង និងស្ថាប័ន លើវិស័យសេដ្ឋកិច្ច និងវប្បធម៌ ដែលកើតឡើងក្នុងបរិយាកាសនៃកិច្ចប្រឹងប្រែងធ្វើឲ្យបេតិកភណ្ឌអាចរក្សាបានយូរអង្វែង។
បើយោងតាមសៀវភៅ «មគ្គុទេសក៍ស្ថាបត្យកម្មក្រុងភ្នំពេញ» របស់ ម៉ូរិត្យ ហ៊ែននីង និងវ៉ាល់ទ័រ កូឌីទែក បានសសេរថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៥១ គឺប្រមាណ ២ឆ្នាំមុនកម្ពុជាទទួលបានឯករាជ្យពីបារាំង លោក ហ្សង់ អ៊ែលដឺរេម៉ុង ត្រូវបានគេធ្វើឃាតក្រោយពិសាអាហារថ្ងៃត្រង់រួច ឃាត់ករនោះគឺជាអ្នកបម្រើជនជាតិវៀតណាមម្នាក់នៅសណ្ឋាគារ ហូតែលឌុយកុមមីសសារីយែត (Hotel du Commissariat) ដែលជាអគារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបច្ចុប្បន្ន។ នៅឆ្នាំដដែលគេក៏សម្រេចកសាងចេតិយឲ្យលោក ហ្សង់ អ៊ែលដឺរេម៉ុង នៅជាប់ខ្លោងទ្វាខាងស្តាំងផ្លូវចូល CDCរហូតដល់សព្វថ្ងៃនេះ។ គិតត្រឹមឆ្នាំ២០២៤នេះចេតិយនេះមានអាយុកាល៧៣ ឆ្នាំហើយ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងវប្បធម៌