ក្រុមប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតលើមន្ត្រីរដ្ឋាភិបាលអនុញ្ញាតឱ្យលោក ថាក់ស៊ីន ស្នាក់នៅមន្ទីរពេទ្យជំនួសឱ្យពន្ធនាគារ

គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ ហៅកាត់ NACC សម្រេចស៊ើបអង្កេតលើមន្ត្រីរដ្ឋាភិបាលថៃមួយចំនួនដែលត្រូវបានចោទប្រកាន់ថា អនុញ្ញាតឱ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ស្នាក់នៅក្នុងមន្ទីរពេទ្យជំនួសឱ្យពន្ធនាគារ។ នេះបើតាមកាសែត Bangkok Post ចេញផ្សាយនៅថ្ងៃអង្គារ។

អគ្គលេខាធិការ NACC លោក Sarote Phuengramphan និយាយកាលពីថ្ងៃចន្ទថា គណៈកម្មការសម្រេចបានស៊ើបអង្កេតជាការឆ្លើយតបទៅនឹងការចោទប្រកាន់ថា មន្ត្រីនៅនាយកដ្ឋានកែប្រែ, មន្ទីរពេទ្យ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនលោក ថាក់ស៊ីន ទៅមន្ទីរពេទ្យដើម្បីកុំឲ្យលោកជាប់ពន្ធនាគារ។

តាមដានជាមួយយើង៖ Million Times

លោក ថាក់ស៊ីន ក្នុងរថយន្តពេលត្រឡប់មកដល់ប្រទេសវិញ

យោងតាមការចោទប្រកាន់ លោក ថាក់ស៊ីន ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងមន្ទីរពេទ្យរយៈពេល ១៨០ថ្ងៃ ទោះបីលោកមិនឈឺធ្ងន់ក៏ដោយ។ លោក Sarote បន្តថា NACC បានរកឃើញអង្គហេតុ សាក្សី និងភស្តុតាងគ្រប់គ្រាន់ ដើម្បីធ្វើការស៊ើបអង្កេត ដូច្នេះបានចាប់ផ្តើមបន្តសំណុំរឿងនេះ។ លោក​បន្ត​ទៀតថា ការ​ស៊ើប​អង្កេត​នឹង​ផ្តោត​លើ​មន្ត្រី​ចំនួន ១២នាក់​នៅ​នាយកដ្ឋាន​កែប្រែ មន្ទីរពេទ្យ​ និងនគរបាល។

លោក ថាក់ស៊ីន បាន​វិល​ត្រឡប់​ចូលស្រុកវិញ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៣ បន្ទាប់​ពី​បាន​និរទេស​ខ្លួន​អស់រយៈពេល ១៥​ឆ្នាំ។ ជាន់ទឹកដីថៃភ្លាម លោកត្រូវបញ្ជូនទៅពន្ធនាគារ Remand ទីក្រុងបាងកក ហើយក្រោយមកបញ្ជូនទៅសម្រាកនៅឯមន្ទីរពេទ្យក្រោមហេតុផលសុខភាព។ នៅយប់ដំបូងនៅពន្ធនាគារ Remand គ្រូពេទ្យបញ្ជាក់ថា លោក ថាក់ស៊ីន គួរតែត្រូវបានផ្ទេរទៅមន្ទីរពេទ្យ ដោយសារតែមានការឈឺទ្រូង លើសឈាម និងកម្រិតអុកស៊ីសែនក្នុងឈាមទាប។

លោកថាក់ស៊ីន ត្រូវបានអនុញ្ញាតស្របច្បាប់ឱ្យទទួលការព្យាបាលនៅខាងក្រៅពន្ធនាគាររយៈពេល ១២០ថ្ងៃ ប៉ុន្តែនាយកដ្ឋានកែប្រែ បានអនុញ្ញាតឱ្យលោកបន្តស្នាក់នៅមន្ទីរពេទ្យលើសពីថ្ងៃទី ២២ខែធ្នូ។ លោកត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ក្រៅ​ឃុំ និង​បាន​ចេញ​ពី​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ទី១៨ ខែ​កុម្ភៈ ឆ្នាំ២០២៤។ អតីត​នាយក​រដ្ឋមន្ត្រី​រូប​នេះ​បាន​បញ្ចប់​ការ​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ៣១ ខែ​សីហា ឆ្នាំ​នេះ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Bangkok Post