ក្នុងពេលចូលរួមបើកកម្មវិធីប្រកួតចៀរជ័រកៅស៊ូថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ នៅចម្ការកៅស៊ូជុប ស្ថិតនៅឃុំជុប ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៦ ខែធ្នូនេះ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា តម្រូវការកៅស៊ូនៅកម្ពុជាមានការកើនឡើងសម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិត និងកែច្នៃកង់ឡាននៅក្នុងស្រុក។
លោក ប្រាក់ ដាវីដ បានលើកឡើងថា តម្រូវការកៅស៊ូនៅកម្ពុជាកំពុងតែកើនឡើងខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតនិងកែច្នៃកង់ឡាននៅកម្ពុជា ដែលសព្វថ្ងៃមានចំនួន៣ និងកើនឡើងបន្ថែមទៀត។ ការណ៍នេះ ទាមទារឲ្យកម្ពុជារៀបចំខ្លួនឲ្យបានរួចរាល់ ជាពិសេសស ត្រូវមានកម្លាំងពលកម្មដែលមានជំនាញចៀរជ័រកៅស៊ូច្បាស់លាស់ ទើបអាចឈានទៅអភិវឌ្ឍវិស័យកៅស៊ូនៅកម្ពុជាបានជោគជ័យ។
សូមជម្រាបថា ផលិតផលកៅស៊ូក្នុងឆ្នាំ២០២៤របស់កម្ពុជា សម្រេចបានចំនួន ៤០៧ ២០៩តោន កើនឡើងចំនួន ១៥ ៤០៩តោន ស្មើនឹង ៣,៩៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ការនាំចេញកៅស៊ូសម្រេចបានចំនួន ៣៩០ ០០០តោន ស្មើនឹងទឹកប្រាក់ចំនួនជាង ៦៤០លានដុល្លារសហរដ្ឋអាមេរិក។
កម្ពុជាមានផ្ទៃដីដាំកៅស៊ូជាង៤សែនហិកតា លាតសន្ធឹងលើខេត្ត ចំនួន១១ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និង កំពត។ ចំពោះផ្ទៃដីដាំដុះវិញមានចំនួន ៤០៧ ១៧២ ហិកតា ហើយ ក្នុងនោះ ៣២០ ១៨៨(ស្មើនឹង ៧៨,៦%) ជាដើមកៅស៊ូ ចាស់សម្រាប់ការចៀរយកជ័រ និងទទួលផលបាន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងកសិកម្ម