នាយករដ្ឋមន្ត្រីម៉ាឡេស៊ី តែងតាំងលោក Thaksin ជាទីប្រឹក្សាផ្ទាល់ខ្លួន

នាថ្ងៃចន្ទ ទី១៦ ខែធ្នូ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim បានតែងតាំងលោក Thaksin Shinawatra អតីតនាយករដ្ឋមន្ត្រី និងជាមហាសេដ្ឋីថៃ ក្នុងមុខតំណែងជាទីប្រឹក្សាផ្ទាល់ខ្លួន ពេលលោកក្លាយជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters។

តាមដានជាមួយយើង៖ Million Times

លោក Anwar បានមានប្រសាសន៍ថា តួនាទីរបស់លោក Thaksin អំឡុងពេលម៉ាឡេស៊ីជាប្រធានប្លុកនៃតំបន់អាស៊ាន នឹងស្ថិតនៅក្នុងសមត្ថភាពក្រៅផ្លូវការ រួមជាមួយទីប្រឹក្សាច្រើនរូបទៀត មកពីប្រទេសមួយចំនួននៃសមាជិកទាំង ១០ប្រទេសក្នុងប្លុកមួយនេះ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រកាសពីការសម្រេចចិត្តបែបនេះ អំឡុងពេលនាយករដ្ឋមន្ត្រីវ័យក្មេង Paethongtarn Shinawatra កូនស្រីពៅរបស់លោក Thaksin បំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី។

លោក Thaksin Shinawatra គឺជាបុគ្គលដ៏មានឥទ្ធិពលមួយរូប និងមានបទពិសោធន៍ជោគជាំក្នុងឆាកនយោបាយ ជាពិសេសគឺនៅប្រទេសថៃ។ ចំណេះដឹង និងចក្ខុវិស័យលើផ្នែកនយោបាយរបស់លោក ត្រូវបានកោតសរសើរយ៉ាងខ្លាំងពីមេដឹកនាំច្រើនរូប នៅក្នុងប្រទេសតំបន់អាស៊ាន។

បើទោះជាបច្ចុប្បន្ន លោក Thaksin ប្រកាសផ្ទាល់មាត់ថា លោកចូលនិវត្តន៍ និងនៅផ្ទះមើលថែចៅៗក៏ពិតមែន តែគូប្រជែងរបស់លោកក្នុងការបង្កើតរបបរាជានិយម និងយោធា មិនយល់ឃើញដូច្នោះឡើយ ពោលពួកគេជឿថា លោក Thaksin គឺជាអ្នកសម្រេចចិត្តចុងក្រោយបង្អស់ នៅក្នុងរដ្ឋបាលដែលដឹកនាំដោយកូនស្រីពៅរបស់លោក គឺអ្នកនាង Paethongtarn Shinawatra៕

អត្ថបទ៖ Luffy រូបភាព៖ MalayMail