ស្ថានីយផ្សាយព័ត៌មាន ABC News នឹងត្រូវបង់ប្រាក់ពិន័យ ១៥លានដុល្លារ ជាថ្លៃសងជំងឺចិត្តចំពោះប្រធានាធិបតីជាប់ឆ្នោត Donald Trump ពីបទបរិហារកេរ្តិ៍។ នេះបើតាមការចុះផ្សាយពីគេហទំព័រ The People។
អនាគតមេដឹកនាំអាមេរិករូបនេះ បានដាក់ពាក្យបណ្ដឹងកាលពីខែមីនា ទៅកាន់ពិធីករ Stephanopoulos និងប៉ុស្តិ៍ទូរទស្សន៍ ABC ដោយចោទពួកគេថា បានបរិហារកេរ្តិ៍លោក ពេលពិធីកររូបនេះផ្សាយព័ត៌មានច្រឡំថា លោក Trump ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈអ្នកនិពន្ធ E. Jean Carroll។ លោក Trump ពិតជាត្រូវបានរកឃើញ ពាក់ព័ន្ធករណីរំលោភបំពានផ្លូវភេទមែន ក៏ប៉ុន្តែវាជាសំណុំរឿង ២ផ្សេងគ្នា។
ទីភ្នាក់ងារព័ត៌មាន Associated Press បានចុះផ្សាយកាលពីថ្ងៃទី១៤ ខែធ្នូថា រឿងក្ដីរវាងលោក Trump និងប៉ុស្តិ៍ទូរទស្សន៍ ABC បានដោះស្រាយចប់សព្វគ្រប់កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយទឹកប្រាក់ ១៥លានដុល្លារ នឹងត្រូវយកទៅបរិច្ចាគជូនអង្គការមិនរកប្រាក់ចំណេញផ្សេងៗ។
ស្ថានីយទូរទស្សន៍ ABC មានពេលចំនួន ១០ថ្ងៃ ដើម្បីផ្ទេរប្រាក់ចំនួន ១៥លានដុល្លារ ទៅក្នុងគណនីធនាគារ ដែលគ្រប់គ្រងដោយមេធាវីលោក Trump និងបង់ប្រាក់លើសេវាកម្មផ្លូវច្បាប់ដទៃទៀត៕
អត្ថបទ៖ Luffy រូបភាព៖ ABC