នៅថ្ងៃទី១៦ ខែធ្នូនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំការប្រឡងចៀរជ័រកៅស៊ូថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ លើកតំបូងបង្អស់នៅចម្ការកៅស៊ូជុប ស្ថិតនៅឃុំជុប ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានបេក្ខជនចំនួន៧១រូប មកពីក្រុមហ៊ុនដំណាំងកៅស៊ូតាមបណ្តាខេត្តចំនួន ៣៤ក្រុមហ៊ុន។
នេះជាការប្រឡងចៀរជ័រកៅស៊ូដំបូងបង្អស់ដែលអគ្គនាយកដ្ឋានកៅស៊ូ រៀបចំធ្វើដើម្បីចម្រាញ់ជ្រើសយកអ្នកចៀរជ័រកៅស៊ូ ដែលមានសមត្ថភាព និងជំនាញ។ ការប្រឡងនេះមានបេក្ខជនចំនួន ៧១រូប មកពីក្រុមហ៊ុនវិនិយោគលើដំណាំកៅស៊ូចំនួន ៣៤ក្រុមហ៊ុន សហគមន៍កៅស៊ូគ្រួសារចំនួន៥ និងចំការកៅស៊ូគ្រួសារចំនួន១ មកពីខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ធំ និងពោធិ៍សាត់។
លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា មុនពេលការប្រកួតចាប់ផ្ដើមប្រកួត បេក្ខជនបានចាប់ឆ្នោតយករានចៀរជ័រកៅស៊ូ ព្រមទាំងពិនិត្យស្ថានភាពរានចៀររបស់ខ្លួន ក្នុងមួយនាក់ ៤៥០ដើម ដើម្បីត្រៀមសម្រាប់ការប្រកួត។
ក្រសួងកសិកម្ម បន្តឲ្យដឹងថា កម្មវិធីនេះ បង្ហាញអំពីការយកចិត្ដទុកដាក់របស់ក្រសួងកសិកម្មចំពោះអនុវិស័យកៅស៊ូ ដើម្បីអភិវឌ្ឍយុទ្ធសាស្ត្រ ឈានទៅរក្សាបាននិរន្ដរភាពកម្លាំងពលកម្មតាមចម្ការកៅស៊ូ រក្សាសុខភាពដើមកៅស៊ូ រយៈពេលចៀរយកផលបានយូរ ត្រឹមត្រូវ ទទួលបានទិន្នផលខ្ពស់ និងផ្ដល់ក្ដីសង្ឃឹមដល់កម្មករចៀរជ័រឱ្យខិតខំប្រឹងប្រែងបំពេញការងារកាន់តែល្អ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចកាន់តែប្រសើរឡើង។
កម្មវិធីនេះ ក៏នឹងបង្ហាញនូវស្មារតីសាមគ្គីភាព ភាតរភាព និងជាឱកាសនៃការជួបជុំបងប្អូនកម្មករមកពីបណ្ដាក្រុមហ៊ុន សហគមន៍កៅស៊ូផ្សេងៗ ឱ្យបានស្គាល់គ្នា ចែករំលែកផ្លាស់ប្ដូរបទពិសោធន៍ ផ្សាភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក នៅក្នុងបរិបទដែលសង្គមជាតិមានសុខសន្តិភាពពេញលេញទូទាំងប្រទេស៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងកសិកម្ម