នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ លោក Han Dong-hoon ដែលជាមេដឹកនាំបក្សកាន់អំណាចកូរ៉េខាងត្បូង បានប្រកាសលាលែងពីតំណែង ក្រោយសភាអនុម័តលើការបោះឆ្នោតទម្លាក់តំណែងប្រធានាធិបតី Yoon Suk Yeol កាលពីចុងសប្ដាហ៍មុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Guardian។
លោក Hoon បាននិយាយថា តំណែងរបស់លោកមានភាពមិនរឹងមាំ បន្ទាប់ពីលោកបានសម្រេចចិត្តគាំទ្រ ចំពោះការអនុម័តដកតំណែងប្រធានាធិបតី Yoon កាលពីថ្ងៃសៅរ៍ ទី១៤ ខែធ្នូ។
ការលាលែងតំណែងរបស់លោក Han ឆ្លុះបញ្ចាំងឲ្យឃើញពីភាពបែកបាក់ នៃសម្ព័ន្ធភាពរវាងលោក និងលោក Yoon ដែលធ្លាប់ធ្វើការជាមួយគ្នាយ៉ាងស្និទ្ធស្នាល មុនពេលលោក Yoon ជាប់ឆ្នោតជាប្រធានាធិបតី។
សម្ព័ន្ធភាពរវាងអ្នកទាំង២ ចាប់ផ្ដើមប្រេះស្រាំកាលពីដើមឆ្នាំ នៅពេលដែលលោក Han ស្នើឲ្យលោក Yoon និងភរិយា ចេញមុខសុំទោស ចំពោះការចោទប្រកាន់ថា ជំទាវទីមួយកូរ៉េខាងត្បូង ទទួលសំណូកសូកប៉ាន់ជាកាបូបយួរដៃម៉ាកល្បី Dior៕
អត្ថបទ៖ Luffy រូបភាព៖ The Guardian