ទើបចូលកាន់អំណាច នាយករដ្ឋមន្ត្រីបារាំងថ្មី ជួបរឿងឈឺក្បាលមួយភ្លាម

លោក Francois Bayrou ដែលទទួលបានការតែងតាំងពីប្រធានាធិបតី Emmanuel Macron សម្រាប់តួនាទីជានាយករដ្ឋមន្ត្រីបារាំង ត្រូវដោះស្រាយបញ្ហាប្រឈមខ្លាំងមួយ បន្ទាប់ពីឡើងអង្គុយកៅអីនាយករដ្ឋមន្ត្រីភ្លាម។

តាមដានជាមួយយើង៖ Million Times

តាមរយៈការចុះផ្សាយពីសារព័ត៌មាន CNN បានរាយការណ៍ថា បញ្ហាប្រឈមដែលនាយករដ្ឋមន្ត្រីថ្មីរូបនេះ ត្រូវដោះស្រាយជាប្រញាប់ គឺបង្កើតរដ្ឋាភិបាលថ្មី និងកញ្ចប់ថវិកា ដែលត្រូវឆ្លងកាត់ការយល់ព្រមពីសភា។

លោក Bayrou មានរយៈពេលដល់ថ្ងៃទី២១ ខែធ្នូ ដើម្បីរៀបចំលិខិតស្នើសុំកញ្ចប់ថវិកាសម្រាប់ឆ្នាំថ្មី ក៏ប៉ុន្តែអ្វីដែលពិបាកគឺ សមាជិកសភាដែលមកពីគណបក្សឆ្វេងនិយម ស្ដាំនិយម និងកណ្ដាលនិយមមិនព្រមសហការជាធ្លុងមួយ ដែលធ្វើឲ្យរាំងស្ទះដល់ការងាររដ្ឋាភិបាល។

ក្នុងករណីហួសថ្ងៃកំណត់ រដ្ឋាភិបាលនៅតែអាចបន្តអនុវត្តច្បាប់ស្ដីពីការបន្តសារពើពន្ធ ដែលរារាំងការទម្លាក់រដ្ឋាភិបាលបណ្ដោះអាសន្ន និងអនុញ្ញាតឲ្យរដ្ឋាភិបាលបន្តប្រមូលពន្ធ និងបើកប្រាក់បៀវត្សន៍ រហូតដល់បញ្ចប់ឆ្នាំ២០២៤។

ទោះជាយ៉ាងណា អ្នកតាមដាននយោបាយបានគួសបញ្ជាក់ថា បញ្ហាមួយនេះប្រៀបដូចជាការធ្វើតេស្តសមត្ថភាពនាយករដ្ឋមន្ត្រីបារាំងថ្មី។ លោក Francois Bayrou គឺជាអ្នកនយោបាយចាស់វស្សា និងជាមេបក្សចលនាប្រជាធិបតេយ្យ ដែលមានទស្សនៈនយោបាយកណ្ដាលនិយម។

ក្រុមអ្នកតាមដាននយោបាយសង្កត់ធ្ងន់ថា ផ្អែកលើបទពិសោធន៍ជាង ៤០ឆ្នាំលើឆាកនយោបាយ លោក Bayrou ទំនងអាចដោះស្រាយបញ្ហាមួយនេះបាន ក៏ប៉ុន្តែការសម្រេចចិត្តចុងក្រោយ គឺអាស្រ័យលើការបោះឆ្នោតពីសមាជិកសភា៕

អត្ថបទ៖ Luffy រូបភាព៖ CNN