លោក Donald Trump ថ្វីបើទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងមានសិទ្ធអំណាចធំបំផុតនៅអាមេរិក ក៏ប៉ុន្តែអនាគតមេដឹកនាំអាមេរិករូបនេះ នៅតែត្រូវបង់ប្រាក់ពិន័យ ពីបទចោទប្រកាន់ទាក់ទងអំពើក្លែងបន្លំដដែល។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន AP។
ការិយាល័យអគ្គមេធាវីក្រុងញូវយ៉ក Letitia James បានបង្ហើបថា លោក Trump មិនអាចគេចវែស និងត្រូវតែបង់ប្រាក់ពិន័យជិត ៥០០លានដុល្លារ ពីបទក្លែងបន្លំ ដែលត្រូវបានកាត់ក្ដីដោយចៅក្រម Arthur Engoron កាលពីខែកុម្ភៈ។
ចៅក្រម Engoron បានរកឃើញថា លោក Trump បានបំប៉ោងព័ត៌មានទ្រព្យសម្បត្តិ និងបញ្ជីហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីទាក់ទាញវិនិយោគិន ក្នុងការចុះកិច្ចព្រមព្រៀងផ្សេងៗ ក្នុងគោលបំណងកើបប្រាក់ចំណេញច្រើន ដែលធ្វើឲ្យទីផ្សារហិរញ្ញវត្ថុខាតផលប្រយោជន៍។ ចៅក្រមរូបនេះបានប្រកាសសាលក្រម និងផាកពិន័យអនាគតប្រធានាធិបតីអាមេរិក ក្នុងទំហំទឹកប្រាក់ ៤៨៩លានដុល្លារ។
ក្រុមមេធាវីលោក Trump ក៏បានស្នើសុំឲ្យចៅក្រមលុបចោលការចោទប្រកាន់ទាំងឡាយ ដែលទាក់ទងនឹងប្រធានាធិបតីជាប់ឆ្នោត រួមទាំងសំណុំរឿងមួយនេះ ក៏ប៉ុន្តែលោកស្រី Judith Vale អគ្គមេធាវីរងក្រុងញូវយ៉កឆ្លើយតបថា សំណុំរឿងនេះ គឺជារឿងធម្មតានៃវិវាទរដ្ឋប្បវេណី ហើយវាមិនបានប៉ះពាល់ដល់មុខងារផ្លូវការបស់ប្រធានាធិបតីឡើយ។ មួយវិញទៀត វាក៏មិនបានបំពានរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ដូច្នេះគ្មានហេតុផលដែលត្រូវលុបចោលសាលក្រមខាងលើនោះទេ។
លោកស្រី Vale បញ្ជាក់ទៀតថា លោក Trump មិនមែនជាប្រធានាធិបតីតែម្នាក់ ដែលរងពិន័យក្រោយល្មើសច្បាប់រដ្ឋប្បវេណីឡើយ ពោលគឺមានប្រធានាធិបតីផ្សេងទៀត ដូចជាអតីប្រធានាធិបតីអាមេរិកទី៤២ លោក Bill Clinton ក៏ធ្លាប់ប្រឈមនឹងការផាកពិន័យ អំឡុងពេលលោកនៅកាន់តំណែងផងដែរ៕
អត្ថបទ៖ Luffy រូបភាព៖ AP