លោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) បានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០ មកកម្ពុជា ក្នុងគោលបំណងស្វែងយល់ពីកាលានុភាពវិនិយោគនៅកម្ពុជា តាមការសន្យានៅពេលដែលលោកបានជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន ម៉ាណែត លេីកដំបូងកាលពីប្រមាណ ៧ ខែមុននៅកូរ៉េ។
ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា លោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) បានចូលជួបពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅសាលសន្និបាតភីអេចហ្គ្រេនហល បឹងស្នោ នាព្រឹកថ្ងៃទី១៣ ខែធ្នូនេះ។
ស្ថិតក្នុងជំនួបនេះ លោក Marn-Ki Jeong បានជម្រាបប្រាប់សម្តេចនាយករដ្ឋមន្រ្តីថា បណ្ដាក្រុមហ៊ុនដែលមកបំពេញបេសកកម្មនៅកម្ពុជា នាពេលនេះ បានបង្ហាញបំណងស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗរួមមាន៖ វិស្វកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្សលេីជំនាញយានយន្ត បច្ចេកទេស បច្ចេកវិទ្យា សេវាថែទាំសុខភាពនិងកែសម្ផស្ស ការវិនិយោគលើប្រព័ន្ធពាណិជ្ជកម្មទូទៅ និងប្រព័ន្ធផ្សព្វផ្សាយជាដើម។
សម្ដេច ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចធុរកិច្ចរបស់វេទិកាសម្ព័ន្ធឧស្សាហកម្មកូរ៉េនៅកម្ពុជា។ សម្ដេចបានបង្ហាញពីគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យប្រសើរឡើងនូវផ្លូវរថភ្លើង និងកំពង់ផែទឹកជ្រៅ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត។
ជាមួយគ្នានោះ សម្ដេចបានគូសបញ្ជាក់ថា ការកសាងមូលធនមនុស្សក៏ជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបាន និងកំពុងយកចិត្តទុកដាក់លើជំនាញយានយន្ត និងបច្ចេកវិទ្យា ដើម្បីបម្រើដល់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។
ជាមួយគ្នានេះ សម្ដេចបានបង្ហាញពីគោលនយោបាយ និងយន្តការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលកម្ពជា ដែលធានាដល់បរិយាកាសវិនិយោគមួយដែលមានភាពប្រកួតប្រជែងខ្ពស់ ដោយក្នុងនោះសម្ដេចបានសង្កត់ធ្ងន់លើការតភ្ជាប់កម្ពុជាទៅកាន់ទីផ្សារតំបន់ និងសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងទ្វេភាគី និងពហុភាគី។
ទន្ទឹមនឹងនេះ សម្ដេចបានលើកទឹកចិត្តដល់គណៈប្រតិភូវេទិកាសម្ព័ន្ធឧស្សាហកម្ម បន្តទំនាក់ទំនង និងពិភាក្សាការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បន្ថែមទៀត ដើម្បីចាប់យកនូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី