កាណាដាគំរាមផ្ដាច់អគ្គិសនីនៅអាមេរិក បើសិន Trump ហ៊ានតំឡើងពន្ធលើសលុប

អភិបាលខេត្ត Ontario លោក Doug Ford បានគំរាមថា កាណាដា នឹងកាត់ផ្ដាច់ការផ្គត់ផ្គង់អគ្គិសនី ទៅកាន់សហរដ្ឋអាមេរិក បើសិនជាលោក Donald Trump ពិតជាអនុវត្តផែនការតំឡើងពន្ធលើទំនិញកាណាដា ២៥% បន្ថែម។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា ខេត្តដែលមានប្រជាជនរស់នៅច្រើនបំផុតនៅកាណាដាមួយនេះ នឹងមិនអង្គុយស្ងៀមឡើយ បើសិនជាអាមេរិកចង់ធ្វើទុក្ខបុកម្នេញលើពួកគេ។

អភិបាលខេត្ត Ontario បានប្រាប់អ្នកសារព័ត៌មានថា លោកបានតេទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រី Justin Trudeau និងអភិបាលខេត្តផ្សេងទៀត ដើម្បីប្រុងជើងការ រកវិធីសាស្ត្រទប់ទល់នឹងផែនការតំឡើងពន្ធរបស់សហរដ្ឋអាមេរិក។

ខេត្ត Ontario គឺជាអ្នកផ្គត់ផ្គង់អគ្គិសនីធំបំផុតសម្រាប់រដ្ឋ Michigan, Minnesota និង New York របស់សហរដ្ឋអាមេរិក ដោយកាលពីឆ្នាំទៅ ពួកគេបានផ្ដល់អគ្គិសនីជូនប្រជាជនអាមេរិក ១,៥លានគ្រួសារ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

សូមជម្រាបដែរថា កាណាដា គឺជាសម្ព័ន្ធមិត្ត និងដៃគូពាណិជ្ជកម្មចាស់វស្សារបស់អាមេរិក ពោល ៦០% នៃប្រេងឆៅ និង ៨៥% នៃអគ្គិសនីនាំចូលក្នុងមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោក គឺបានមកពីប្រទេសកាណាដា៕

អត្ថបទ៖ Luffy រូបភាព៖ Yahoo