ក្រុមហ៊ុន Facebook បរិច្ចាគ ១លានដុល្លារ សម្រាប់ពិធីស្បថចូលកាន់តំណែងរបស់លោក Trump

ក្រុមហ៊ុនមេរបស់ Facebook គឺ Meta Platforms បានប្រកាសបរិច្ចាគទឹកប្រាក់ ១លានដុល្លារ ទៅកាន់មូលនិធិរៀបចំពិធីស្បថចូលកាន់តំណែង របស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump ដែលនឹងធ្វើឡើងនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

តាមដានជាមួយយើង៖ Million Times

គេហទំព័រ Wall Street Journal ដែលបានរាយការណ៍មុនគេអំពីព័ត៌មានខាងលើអះអាងថា ការបរិច្ចាគមួយនេះ ប្រៀបដូចជាការលុបលាងកំហុសរបស់ក្រុមហ៊ុន Meta និងមហាសេដ្ឋី Mark Zuckerberg ដែលធ្លាប់ទាស់ទែងពាក្យសម្ដី ជាមួយអនាគតមេដឹកនាំអាមេរិក។

លោក Trump ធ្លាប់មានប្រវត្តិឈ្លោះប្រកែក ជាមួយក្រុមហ៊ុន Meta បន្ទាប់ពីចោទថា ក្រុមហ៊ុនមួយនេះបានលូកដៃ ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ ដែលលោកបានបរាជ័យ។ ក្រុមហ៊ុន Meta ក៏បានបិទគណនី Facebook និង Instagram របស់លោក Trump រយៈពេលជិត ២ឆ្នាំផងដែរ កាលពីឆ្នាំ២០២១ រហូតដល់អនាគតប្រធានាធិបតីអាមេរិករូបនេះ បើកក្រុមហ៊ុនបណ្ដាញសង្គមផ្ទាល់ខ្លួន Truthsocial។

ប៉ុន្តែកាលពីចុងខែវិច្ឆិកាកន្លងទៅ សារព័ត៌មាន New York Times បានរាយការណ៍ថា មេធំ Facebook បានស្កាត់ទៅជួបលោក Trump នៅឯភូមិគ្រឹះ Mar a Lago និងថែមទាំងបានពិសារអាហារពេលល្ងាចជាមួយគ្នាថែមទៀត។ ជំនួបមួយនោះ ត្រូវបានគេចាត់ទុកថា លោក Mark Zuckerberg កំពុងព្យាយាមយកចិត្តយកថ្លើមលោក Trump និងបង្កើតភាពវិជ្ជមានជាមួយគ្នាឡើងវិញ ដោយបំភ្លេចរឿងរ៉ាវចាស់ៗចោល៕

អត្ថបទ៖ Luffy រូបភាព៖ Yahoo