កម្ពុជា-កាតា នឹងចុះហត្ថលេខាជំរុញការការពារវិនិយោគទៅវិញទៅមក និងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស

បន្ទាប់ពីជួបនាយករដ្ឋមន្ត្រីកាតា នឹងបានបង្ហាញពីសក្តានុពល និងកាលានុវត្តន៍ភាពសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា សម្តេចហ៊ុន សែន បន្តជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា(QIA) នៅសណ្ឋាគារ Sheraton Grand Doha រាជធានីដូហា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងជំនួបនោះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបន្តបង្ហាញអំពីសក្តានុពលខាងវិស័យកសិកម្ម ជាពិសេស ស្រូវ គ្រាប់ស្វាយចន្ទី ដំឡូងមី និងផលិតផលជាច្រើនទៀត ដែលផ្តល់ឱកាសដល់វិនិយោគិនពីកាតាក្នុងការកែច្នៃដើម្បីនាំចេញមកប្រទេសកាតា និងប្រទេសនានាក្នុងតំបន់ និងពិភពលោក។ 

តាមដានជាមួយយើង៖ Million Times

ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ សម្តេចបានលើកឡើងថា ឯកសារសំខាន់ពីររួមមាន៖ កិច្ចព្រមព្រៀងស្តីពីការជំរុញនិងការការពារវិនិយោគទៅវិញទៅមក និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស គួរត្រូវបានចុះហត្ថលេខានាពេលដ៏ខ្លីខាងមុខ។ 

លោក Sheikh Faisal bin Thani bin Faisal Al Thani  រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មកាតា បានថ្លែងអំណរគុណ សម្តេចចំពោះព័ត៌មានដ៏មានសារៈសំខាន់ស្តីពីកាលានុវត្តន៍ភាព និងសក្តានុពលសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា និងបានលើកឡើងថា ភាគីទាំងពីរនឹងធ្វើការជាមួយគ្នា ដើម្បីធ្វើការចុះហត្ថលេខាឱ្យបានឆាប់លើកិច្ចព្រមព្រៀងទាំងពីរដែលសម្តេចបានលើកឡើង៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ