ប្រធានសភាកាតា គូសបញ្ជាក់ថា ទស្សនកិច្ចរបស់សម្តេចហ៊ុន សែន នាពេលនេះល្អណាស់សម្រាប់ការជំរុញទំនាក់ទំនង និងសហប្រតិបត្តិការសភា និងវិស័យផ្សេងៗរវាងប្រទេសទាំងពីរ។ នេះបើតាមជំនួបសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ហាសាន់ ប៊ីន អាបឌុលឡា អាល-ហ្កានីម(Hassan bin Abdullah Al Ghanim) ប្រធានសភារដ្ឋកាតា កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ នៅវិមានរដ្ឋសភា រាជធានីដូហា។
លោក ហាសាន់ ថ្លែងថា សភាកាតាមានទំនាក់ទំនង និងសហប្រតិបត្តិការជាមួយសភា នៃប្រទេសជាមិត្តជាច្រើន ក៏ប៉ុន្តែជាមួយសភានៅអាស៊ីមិនទាន់មានភាពរឹងមាំទេ។ លោក លើកយោបល់ថា គួរមានកិច្ចប្រជុំកំពូលសភាដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យប្រសើរឡើង។ លោក សង្ឃឹមថា លោកនឹងធ្វើការជាមួយសម្តេច ហ៊ុន សែន លើកិច្ចការនេះ។
លោកបានបន្ថែមថា កាតាមានតួនាទីសំខាន់នៅក្នុងតំបន់ និងពិភពលោក និងចូលរួមចំណែកក្នុងការសម្របសម្រួលដើម្បីឱ្យមានដំណោះស្រាយបញ្ហាអន្តរជាតិដូចជា អ៊ុយក្រែន ប៉ាឡេស្ទីន និង អាហ្វានីស្ថាន ជាដើម។ លោកបានកោតសរសើរ ជំហរអព្យាក្រឹត្យរបស់ កម្ពុជា ចំពោះបញ្ហាប៉ាឡេស្ទីន។ លោកបន្ថែមទៀតថា កាតាបានខិតខំធ្វើការដើម្បីឱ្យមានបទឈប់បាញ់ក្នុងផលប្រយោជន៍សន្តិភាពនិងប្រជាជន។ លោកយល់ថាបណ្តាសភានៅក្នុងសកលលោក ដែលស្រឡាញ់សន្តិភាព រួមដៃគ្នាធ្វើកិច្ចការនេះ។
ស្ថិតក្នុងឱកាសជំនួប សម្តេចប្រធានរដ្ឋសភា បានថ្លែងពិតជារីករាយនឹងដំណើរទស្សនកិច្ចនៅរដ្ឋកាតា ដែលនឹងពង្រឹងទំនាក់ទំនងរវាងអង្គការនីតិប្បញ្ញត្តិ រាជរដ្ឋាភិបាល ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសយើងទាំងពីរ។ សម្តេចគូសបញ្ជាក់ថា សម្តេច បានជួបនាយករដ្ឋមន្ត្រីកាតា ហើយតាមសំណើរបស់គាត់ សម្តេចនឹងទទួលជួបរដ្ឋមន្ត្រីពាណិជ្ជកម្ម និងថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគកាតា។ សម្តេចបានបន្ថែមថា «ប្រទេសយើងទាំងពីរត្រូវធ្វើការជាមួយគ្នាដើម្បីសម្រេចបានកិច្ចព្រមព្រៀងគាំពារវិនិយោគ និងពាណិជកម្ម។ ប្រទេសកាតាមានសន្តិសុខថាមពល ហើយកម្ពុជាមានសន្តិសុខស្បៀង»។ ការណ៍នេះ សម្តេច ចង់បានវិនិយោគិនកាតាមកកម្ពុជា និងចង់ឃើញការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដោយសារសភាពការពិភពលោកស្មុគស្មាញ។
សម្តេច បានទទួលស្គាល់ដោយការពេញចិត្ត និងវាយតម្លៃខ្ពស់នូវតួនាទីរបស់កាតានៅលើឆាកអន្តរជាតិ ដូចជាការចរចាពាណិជ្ជកម្មពិភពលោកក្នុងក្របខ័ណ្ឌ Doha Round ជាដើម។ សម្តេច បានគូសបញ្ជាក់ថា ជំហររបស់កាតា និងកម្ពុជាលើបញ្ហាអន្តរជាតិ និងតំបន់មិនខុសគ្នាទេ ។ ជាមួយគ្នានេះដែរ សម្តេចបានលើកឡើងថា ទោះបីប្រទេសយើងជាប្រទេសតូចយ៉ាងណាក៏ដោយ យើងត្រូវចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ។ កម្ពុជា បានចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ក្នុង១០ ប្រទេសរហូតមកទល់នឹងពេលបច្ចុប្បន្ន។
ចំពោះការលើកឡើងពីកិច្ចប្រជុំអន្តរជាតិសភារបស់ប្រធានសភាកាតា សម្តេចបានលើកឡើងថា កម្ពុជា បានរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) កាលពីរសប្តាហ៍កន្លងទៅនេះ និង បានអនុម័តធម្មនុញសន្តិភាពសកលលោក (Universal Peace Charter, UPC) ដែលបើកចំហរសម្រាប់សភាផ្សេងៗទៀត ចូលជាសមាជិក។
សម្តេចបានបន្ថែមថា ក្នុងនាមសភាកាតា លោកអាចផ្តួចផ្តើមគំនិតបង្កើតកិច្ចប្រជុំសភាអាស៊ីមួយ ហើយកម្ពុជាពេញចិត្តចូលរួមដើម្បីដោះស្រាយបញ្ហាតំបន់ និងសកល។ សម្តេចបានបន្តថា សម្លេងរបស់សភារួមគ្នា អាចរួមសម្លេងជាមួយរាជរដ្ឋាភិបាល នៅ UN ទោះបីជាសម្លេងស្រាល តែប្រសើរជាងមិនបានធ្វើអ្វីទាំងអស់។
ប្រធានសភាកាតា យល់ស្របថា ធម្មនុញសន្តិភាពសកលលោកមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការពង្រីកទំនាក់ទំនងសភា និងអ្នកស្រឡាញ់សន្តិភាព។ លោក នឹងធ្វើការជាមួយកម្ពុជាដើម្បីសន្តិភាពពិភពលោកប្រឆាំងសង្គ្រាម។ ទន្ទឹមនឹងនោះ សម្តេចនិងប្រធានសភាកាតា ក៏បានផ្លាស់ប្តូរយោបល់គ្នាលើស្ថានការណ៍តំបន់ផងដែរ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ