ប្រវត្តិសាស្រ្តកម្ពុជាហើយ ដែលមានស្ត្រីធ្វើជាប្រធានមន្ទីរកសិកម្ម នៅខេត្តកោះកុង

ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កោះកុងថ្មី លោកស្រី​ អែម សុធារ៉ា ត្រូវបានចូលរួមប្រកាស​តែងតាំងដោយផ្ទាល់ពីលោក ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ។

តាមដានជាមួយយើង៖ Million Times

កាលពី​​ព្រឹក​ថ្ងៃ ១០ ខែ​ធ្នូ ឆ្នាំ ២០២៤ កន្លង ទៅរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ ​លោក ឌិត ទីណា បាន​អញ្ជើញ​ចូលរួម​​ផ្ទាល់​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខ​តំណែង​លោកស្រី​ អែម សុធារ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កោះកុង នៅ​ក្នុងសាល​មហោស្រព​ខេត្ត​កោះកុង។

លោក ឌិត ទីណា សម្ដែង​ក្ដី​សោមនស្ស​រីករាយ និង​អបអរ​សាទរ​ដល់​លោកស្រី​ប្រធាន​មន្ទីរ​ថ្មី ដែល​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ ព្រោះ​ជា​​ប្រវត្តិសាស្ត្រ​កម្ពុជា​ហើយ ដែល​មាន​​ស្ត្រី​កាន់​មុខ​តំណែង​នេះ។

​រដ្ឋមន្ត្រី​រូប​នោះ ក៏បាន​លើកឡើង​ពី​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​អាណត្តិទី៧​ ដឹកនាំ​ដោយ​សម្ដេច​​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា​ ក្នុង​ការ​រក្សា​ស្ថេរ​ភាព​ថ្លៃ​កសិផល សម្រាប់​ប្រជាកសិករ និង​អ្នក​ប្រើប្រាស់​។ ដោយ​ពិនិត្យ​ច្បាស់លាស់​ពី​តម្រូវការ និង​ការ​ផ្គត់ផ្គង់ ការ​ដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ​ ដែល​ជា​ជំនួយ​ការ​តាមដាន​បច្ចេកទេស​របស់​​កសិករ ហើយ​រាយការណ៍​បញ្ហា​ប្រឈម​ទាន់​ពេល​វេលា រួម​ទាំង​​ការ​កសាង​សហគមន៍​កសិកម្ម​ទំនើប ដែល​មាន​ភាព​ទំនើបកម្ម​ការងារ អាច​ជួយ​កសិករ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត​ ក្នុង​នោះ​រួម​មាន​ផែនការ​ផលិតកម្ម​ច្បាស់លាស់ ទទួល​បាន​កម្ចី​ដើមទុន​ការ​ប្រាក់​ទាប អាច​​ផ្គត់ផ្គង់​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​ ដោយមាន​ការ​គាំទ្រ​បច្ចេកទេស​ពី​ក្រសួង​កសិកម្ម វិនិយោគ​ទទួល​បាន​ប្រាក់​ចំនេញ និង​មាន​ហានិភ័យ​ទាប​នៃ​ការ​ប្រែប្រួល​អាកាសធាតុ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ