ស្ពានឆ្លងសមុទ្រដ៏វែងភ្ជាប់ពីចិនទៅហុងកុង និងម៉ាកាវ ដាក់ឲ្យបើកបរសាកល្បង

ស្ពានឆ្លងសមុទ្រដ៏វែងនៅក្នុងតំបន់ពាណិជ្ជកម្ម Guadong-Hong Kong-Macao Greater Bay Area (GBA) ដែលត្រូវបានឲ្យឈ្មោះថា Huangmaohai Link ភ្ជាប់ពីទីក្រុង Zhuhai និង Jiangmen ទៅកាន់តំបន់សេដ្ឋកិច្ចពិសេសហុងកុង និងទីក្រុងម៉ាកាវ បានបញ្ចប់ការសាងសង់ និងដាក់ឲ្យបើកបរសាកល្បង។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មានចិន Chinadaily បានចុះផ្សាយថា ស្ពានមួយនេះលាតសន្ធឹងប្រវែង ៣១គីឡូម៉ែត្រ និងឆ្លងកាត់ផ្ទៃទឹកសមុទ្រប្រវែង ១៤គីឡូម៉ែត្រ ហើយក្នុងអំឡុងពេលសាកល្បងនេះ មិនគិតប្រាក់កម្រៃនោះឡើយ។

គម្រោងស្ពានដ៏អស្ចារ្យនេះ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចកាន់តែរីកចម្រើន ពោលការធ្វើពាណិជ្ជកម្មក្នុងតំបន់ GBA នឹងកាន់តែរីកលូតលាស់ជាងមុន ស្របពេលហេដ្ឋារចនាសម្ព័ន្ធក៏កាន់តែមានច្រើន និងទំនើបថែមទៀត។

ស្ពានដ៏ធំមួយនេះ នឹងជួយកាត់បន្ថយរយៈពេលធ្វើដំណើរបានច្រើន ពោលប្រជាជននៅហុងកុង និងម៉ាកាវ អាចធ្វើដំណើរដោយយានយន្តមកកាន់ទីក្រុង Guangdong បានក្នុងរយៈពេលតែជាង ៩០នាទីប៉ុណ្ណោះ និងពុំចាំបាច់ចំណាយប្រាក់ច្រើនលើថ្លៃសំបុត្រយន្តហោះឡើយ។

ស្ពាន Huangmaohai Link ចំណាយពេលអស់ ៤ឆ្នាំដើម្បីបញ្ចប់ការសាងសង់ ដោយចំណាយប្រាក់អស់ ១៣ពាន់លានយ៉ន់ ឬប្រហែល ១,៨ពាន់លានដុល្លារអាមេរិក។ ស្ពានមួយនេះត្រូវបានសាងសង់ឡើង ដោយអនុញ្ញាតឲ្យបើកបរលើសពី ១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងមានអាយុកាល ១០០ឆ្នាំ ហើយវាក៏ជាស្ពានផ្លូវហាយវេមានខ្សែកាបបី ដែលវែងជាងគេលើពិភពលោកផងដែរ៕

អត្ថបទ៖ Luffy រូបភាព៖ SCMP