ផ្លូវរថភ្លើងក្រោមដីដំបូងរបស់វៀតណាម ពន្យារពេលដំណើរការ ១២ឆ្នាំ ដោយសារមូលហេតុអ្វី?

នាថ្ងៃទី២២ ខែធ្នូខាងមុខ វៀតណាមនឹងបើកដំណើរការផ្លូវរថភ្លើងក្រោមដីដំបូងរបស់ខ្លួន បន្ទាប់ពីពន្យារពេលអស់រយៈពេល ១២ឆ្នាំ។ រថភ្លើងក្រោមដីមួយខ្សែនេះ បានសម្ពោធការដ្ឋានសាងសង់តាំងពីឆ្នាំ២០០៨ ក៏ប៉ុន្តែវាត្រូវបានពន្យារពេលដល់ឆ្នាំ២០១២ ទើបការសាងសង់បានចាប់ផ្ដើម។

តាមដានជាមួយយើង៖ Million Times

តាមរយៈការចុះផ្សាយពីសារព័ត៌មានក្នុងស្រុកវៀតណាម បានឲ្យដឹងថា ផែនការសាងសង់រថភ្លើងក្រោមដីរបស់វៀតណាម បានពន្យារពេលកំណត់បញ្ចប់គម្រោងរហូតដល់ឆ្នាំ២០១៨ ដោយសារកង្វះខាតផ្នែកហិរញ្ញវត្ថុ។ គម្រោងមួយនេះ ត្រូវបានគាំទ្រសឹងទាំងស្រុងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងរួមចំណែកមួយផ្នែកតូចដោយកញ្ចប់ថវិការដ្ឋាភិបាល។

លុះដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋាភិបាលវៀតណាមបានប្រកាសថា រថភ្លើងក្រោមដីខ្សែទីមួយនេះ នឹងត្រូវពន្យារពេលថែម ២ឆ្នាំទៀត ពោលគឺបញ្ចប់នៅក្នុងឆ្នាំ២០២០ ដោយសារតែការចំណាយហួសប្រមាណ ការត្រួតពិនិត្យ និងការពន្យារពេលទូទាត់ប្រាក់ឱ្យអ្នកម៉ៅការគម្រោង គឺក្រុមហ៊ុនជប៉ុន Hitachi។

ក្រុមហ៊ុន Hitachi បាន​ដាក់​ទៅ​មជ្ឈត្តកម្ម​នៅ​មជ្ឈមណ្ឌល​មជ្ឈត្តកម្ម​អន្តរជាតិ​វៀតណាម ដោយអះអាងថា ការចំណាយសម្រាប់គម្រោងមួយនេះ គឺមានច្រើនលើសពីការរំពឹងទុក ដោយសារតែការពន្យារពេលសាងសង់ច្រើនលើកច្រើនសារ ចាំបាច់ត្រូវការទឹកប្រាក់បន្ថែម។ គម្រោងមួយនេះ ដំបូងឡើយមានកញ្ចប់ចំណាយត្រឹមជាង ១,៣ពាន់លានដុល្លារ តែវាបានកើនឡើងជិតទ្វេដង ក្រោយបញ្ចប់ការសាងសង់។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន NikkeiAsia។

នៅខែកុម្ភៈ ឆ្នាំ២០២០ វាត្រូវបានពន្យារពេលជាថ្មី ដោយលើកថ្ងៃសម្ពោធដល់ចុងឆ្នាំ២០២១ តែមិនបញ្ជាក់ប្រាប់ហេតុផលច្បាស់លាស់ឡើយ ដោយគ្រាន់តែដឹងថា ពេលនោះមានជំងឺរាតត្បាតកូវីដ ១៩។ រំលងបានមួយឆ្នាំគត់ នៅខែកុម្ភៈ ឆ្នាំ២០២១ ការបញ្ចប់គម្រោងរថភ្លើងក្រោមដីខ្សែទីមួយនេះ បានពន្យារពេលដល់ឆ្នាំ២០២២ និងក្រោយមកនៅខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរគ្រប់គ្រងផ្លូវដែកទីក្រុង (MAUR) បានប្រកាសជាថ្មីថា ផ្លូវរថភ្លើងក្រោមដីមួយខ្សែនេះ រំពឹងបញ្ចប់សព្វគ្រប់នៅចុងឆ្នាំ២០២៣។

តែក្រោយមក អាជ្ញាធរវៀតណាមបានអះអាងថា ផែនការមួយនេះ នឹងបញ្ចប់ជាស្ថាពរ និងដាក់ឲ្យប្រើប្រាស់នៅក្នុងត្រីមាសទី៤ ក្នុងឆ្នាំ២០២៤ ដោយកាលពីថ្ងៃទី០១ ខែធ្នូ ពួកគេបានបើកដំណើរការសាកល្បង និងត្រៀមដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែធ្នូ។

ជារួមមក រថភ្លើងក្រោមដីដំបូងរបស់វៀតណាម បានពន្យារពេលដំណើរការរហូតដល់ ១២ឆ្នាំ ដោយសារបញ្ហាធំៗដូចជា កង្វះខាតថវិកា ការចំណាយខ្ពស់លើសពីការរំពឹងទុក បញ្ហាកូវីដ១៩ ជម្លោះប្ដឹងផ្ដល់ជាមួយអ្នកម៉ៅការគម្រោង រួមទាំងការទិញដីដើម្បីសាងសង់គម្រោង ក៏ជាបញ្ហាចោទមួយក្នុងការបញ្ចប់គម្រោងនេះផងដែរ៕

អត្ថបទ៖ Luffy រូបភាព៖ VNExpress