នាព្រឹកព្រលឹមថ្ងៃពុធ ទី១១ ខែធ្នូ អគ្គស្នងការនគរបាលជាតិកូរ៉េខាងត្បូង លោក Cho Ji-ho ត្រូវបានឃាត់ខ្លួន ក្រោយរងការចោទប្រកាន់ពីបទបះបោរ ក្នុងយប់ដែលប្រធានាធិបតី Yoon Suk Yeol ចេញច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី០៣ ខែធ្នូ។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា លោក Cho ត្រូវបានទាមទារឲ្យមានការទទួលខុសត្រូវ ចំពោះការបញ្ជាកងប៉ូលិសឲ្យរារាំងសមាជិកសភា មិនឲ្យចូលក្នុងអគាររដ្ឋសភា ក្រោយលោក Yoon ប្រកាសច្បាប់អាជ្ញាសឹក។
អគ្គស្នងការនគរបាលជាតិកូរ៉េខាងត្បូងរូបនេះ គឺជាមន្ត្រីទី២ ដែលបានឃាត់ខ្លួន ពាក់ព័ន្ធនឹងការចេញច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតី បន្ទាប់ពីអតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង Kim Yong Hyun។
ដោយឡែក មេដឹកនាំកូរ៉េខាងត្បូង Yoon Suk Yeol បានរួចផុតពីការបោះឆ្នោតចោទប្រកាន់លើកទីមួយ កាលពីចុងសប្ដាហ៍មុន ខណៈលោកត្រូវត្រៀមខ្លួនជាមួយវាម្ដងទៀត នៅក្នុងសប្ដាហ៍នេះ សម្រាប់ការបោះឆ្នោតចោទប្រកាន់លើទីពីរ ដែលស្នើឡើងដោយបក្សប្រឆាំង។ ដើម្បីអាចឲ្យលោក Yoon ទទួលខុសត្រូវចំពោះការចេញច្បាប់អាជ្ញាសឹក និងលទ្ធភាពចុះចេញពីកៅអីប្រធានាធិបតី បក្សប្រឆាំងត្រូវការសម្លេងគាំទ្រ ២/៣ ពីសមាជិកសភាជាចាំបាច់៕
អត្ថបទ៖ Luffy រូបភាព៖ The Korea Times