នៅព្រឹកថ្ងៃទី១០ ខែធ្នូ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាជួបពិភាក្សាជាមួយលោក សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាសស៊ីម អាល-ថានី (Sheikh Mohammed Bin Abdulrahman Bin Jassim Al-Thani) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងក្របខណ្ឌការទូត ពាណិជ្ជកម្ម និងវិនិយោគ។
ក្នុងជំនួបធ្វើឡើងនៅវិមានរដ្ឋាភិបាល រាជធានីដូហា សម្តេច ហ៊ុន សែន បានថ្លែងថា កម្ពុជា និងកាតា បានបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ២០០៨ ហើយសម្តេច មានបំណងមកធ្វើទស្សនកិច្ចនៅរដ្ឋកាតាជាច្រើនដង ក៏ប៉ុន្តែត្រូវបានលើកពេលជាបន្តបន្ទាប់។
សម្តេចប្រាប់នាយករដ្ឋមន្រ្តីកាតាថា «ប្រទេសយើងទាំងពីរមានសក្តានុពលច្រើនដែលប្រើប្រាស់មិនទាន់អស់។ កាតា ជាប្រទេសអ្នកមាន និងគួរវិនិយោគនៅកម្ពុជា ជាពិសេស នៅក្នុងវិស័យកសិឧស្សាហកម្មកែច្នៃដើម្បីនាំចេញ។ កម្ពុជាមានផលិតផលកសិកម្មច្រើន ដូចជាគ្រាប់ស្វាយចន្ទីដែលកម្ពុជាផលិតច្រើនជាងគេនៅក្នុងពិភពលោក តែខ្វះលទ្ធភាពកែច្នៃ និងផលិតផលកសិកម្មជាច្រើនទៀត»។ សម្តេចក៏បានស្នើឲ្យមេដឹកនាំកាតា បញ្ជូនវិនិយោគិនទៅកម្ពុជាដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម។
សម្តេច បានគូសបញ្ជាក់ថា កម្ពុជា និងកាតា គួរចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគទៅវិញទៅមក និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស និងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតកិច្ចពិគ្រោះ យោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ។
ជាមួយគ្នានេះ សម្តេចបានលើកសរសើរតួនាទីរបស់កាតានៅក្នុងតំបន់ និងលើឆាកអន្តរជាតិ ដោយបានបញ្ជាក់ថា កាតាត្រូវបានគេស្គាល់ទូទាំងសកលលោក តាមរយៈការចរចាពាណិជ្ជកម្មពិភពលោក Doha Round និងបានរៀបចំគោលនយោបាយមួយ ដែលទទួលបានការទុកចិត្តពីសំណាក់ប្រទេសនានាក្នុងសកលលោក។
សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា កាតាមានទំនាក់ទំនងជាមួយអាស៊ាន តាមរយៈការចូលជាភាគីនៃសន្ធិសញ្ញា TAC។ អាស្រ័យហេតុនេះ ការតភ្ជាប់ផ្លូវអាកាសពីមជ្ឈិមបូព៌ា មកអាស៊ីអាគ្នេយ៍ជាចំណុចខ្លាំងរបស់កាតា។ សម្តេច បានអរគុណ Qatar Airways ដែលមានជើងហោះហើរប្រចាំថ្ងៃមកកម្ពុជា ដែលផ្តល់ផលប្រយោជន៍ដល់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងវិនិយោគិន។
ជាកិច្ចឆ្លើយតប នាយករដ្ឋមន្ត្រីកាតា បានលើកឡើងថា កាតា ផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយប្រទេសជាមិត្តយ៉ាងច្រើន ក្នុងនោះមាន កម្ពុជា និងអាស៊ានផងដែរ។
លោកបន្តថា នៅក្នុងទំនាក់ទំនងទ្វេភាគី កាតា សម្លឹងមើលឱកាសសម្រាប់វិនិយោគនៅក្នុងវិស័យកសិកម្មនៅកម្ពុជា។ លោកបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវបានចុះហត្ថលេខាចប់សព្វគ្រប់នាពេលខាងមុខ នឹងជំរុញវិនិយោគទៅកម្ពុជា។
ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីកាតា បានលើកឡើងថា លោក នឹងចាត់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និង ថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា(QIA) មកជួបសម្តេច ដើម្បីជំរុញទំនាក់ទំនងខាងវិស័យពាណិជ្ជកម្ម និងវិនិយោគ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ