ក្រុមហ៊ុនខ្នាតយក្ស Adani Group របស់មហាសេដ្ឋី Guatam Adani បានប្រកាសពីផែនការវិនិយោគទ្រង់ទ្រាយធំ នៅភាគពាយ័ព្យនៃរដ្ឋ Rajasthan ដែលមានតម្លៃលើសពី ៧,៥ទ្រីលានរូពី ឬប្រមាណ ៨៨,៥ពាន់លានដុល្លារ។
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា សេចក្ដីប្រកាសមួយនេះត្រូវបានធ្វើឡើងនៅក្នុងកម្មវិធីមួយ ក្នុងទីក្រុង Jaipur ដោយមានការចូលរួមពីនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ផងដែរ។
នាយកគ្រប់គ្រងនៃកំពង់ផែ Adani លោក Karan Adani បានបង្ហើបថា គម្រោងវិនិយោគ ដែលមានតម្លៃច្រើនជាងពាក់កណ្ដាល នៃមូលធនទីផ្សារទាំងមូលរបស់ក្រុមហ៊ុនមេ Adani Group នេះ នឹងផ្ដោតសំខាន់លើវិស័យធំៗរួមមាន វិស័យកកើតឡើងវិញ ស៊ីម៉ងត៍ និងការដឹកជញ្ជូន។
ក្រុមហ៊ុន Adani Group មានបំណងសាងសង់រោងចក្រផលិតស៊ីម៉ងត៍ចំនួន ៤បន្ថែមទៀត ដើម្បីបង្កើនទិន្នផលផលិតរហូតដល់ ៦លានតោនក្នុងមួយឆ្នាំ ស្របពេលក្រុមហ៊ុនក៏មានផែនការបង្កើតប្រព័ន្ធអេកូថាមពលបៃតងរួមបញ្ចូលគ្នាដ៏ធំបំផុតរបស់ពិភពលោក ដែលពាក់ព័ន្ធនឹងថាមពលកកើតឡើងវិញ ១០០ជីហ្គាវ៉ាត់ (GW) អ៊ីដ្រូសែនពីរលានតោន និង ១,៨ជីហ្គាវ៉ាត់នៃការស្តុកទុកវារីអគ្គិសនីថែមទៀត៕
អត្ថបទ៖ Luffy រូបភាព៖ TheNewsmen