កាលពីថ្ងៃអាទិត្យ ទី០៨ ខែធ្នូ រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានឃាត់ខ្លួនអតីតរដ្ឋមន្ត្រីការពារជាតិ Kim Yong-hyun ដោយបានចោទប្រកាន់ថា រូបលោកបានណែនាំឲ្យប្រធានាធិបតី Yoon Suk Yeol ចេញច្បាប់អាជ្ញាសឹក និងបានបង្កភាពចលាចលពេញប្រទេសក្នុងរយៈពេលខ្លី។
សារព័ត៌មាន CNN បានចុះផ្សាយថា អតីតរដ្ឋមន្ត្រីការពារជាតិរូបនេះ ត្រូវបាននាំខ្លួនទៅកាន់ការិយាល័យក្នុងមន្ទីរឃុំឃាំងមួយ ក្នុងទីក្រុងសេអ៊ូល បន្ទាប់ពីឆ្លងកាត់ការស៊ើបអង្កេតពីរដ្ឋអាជ្ញា។
ព័ត៌មានលំអិតពីការសួរចម្លើយលោក Kim មិនត្រូវបានទម្លាយឲ្យដឹងនោះឡើយ ក៏ប៉ុន្តែសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា លោក Kim បានព្រមចូលខ្លួនសហការជាមួយរដ្ឋអាជ្ញាដោយស្ម័គ្រចិត្ត និងព្រមប្រគល់ទូរស័ព្ទដើម្បីឲ្យឆែកឆេរព័ត៌មាន មុនឃាត់ខ្លួន។
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងអះអាងថា លោក Kim គឺជាបុគ្គលសំខាន់បំផុតមួយ ដែលណែនាំឲ្យលោក Yoon ចេញច្បាប់អាជ្ញាសឹក ដែលបណ្ដាលឲ្យមានកងកម្លាំងពិសេស សំរុកចូលអគាររដ្ឋសភាទាំងយប់ និងបានធ្វើឲ្យមានភាពចលាចលតាំងពីពាក់កណ្ដាលយប់ រហូតដល់ថ្ងៃរះ។
ការចេញច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតីកូរ៉េ ត្រូវបានបញ្ចប់ត្រឹមរយៈពេល ៦ម៉ោង ហើយគណបក្សប្រឆាំងបានចាត់ទុកទង្វើនេះថា ជាអំពើក្បត់ជាតិ និងទាមទារឲ្យលោក Yoon ចុះចេញពីតំណែង។ កាលពីថ្ងៃទី០៧ ខែធ្នូ លោក Yoon បានរួចផុតពីការបោះឆ្នោតដោយសភា ពីបទចោទប្រកាន់មួយនេះ ក៏ប៉ុន្តែគណបក្សប្រឆាំងបញ្ជាក់ថា ពួកគេនឹងស្នើសុំឲ្យមានការបោះឆ្នោតជាថ្មីម្ដងទៀត ក្នុងសប្ដាហ៍នេះ៕
អត្ថបទ៖ Luffy រូបភាព៖ CNN