ប្រធានាធិបតីជាប់ឆ្នោត Donald Trump បានប្រកាសថា លោកបានតែងតាំងមេធាវីផ្ទាល់ខ្លួនម្នាក់ ដែលបានការពារក្ដីរបស់លោក ក្នុងសំណុំរឿងឲ្យលុយបំបិទមាត់តារាកុនសិចម្នាក់នាពេលកន្លង ឲ្យឡើងតំណែងជាទីប្រឹក្សាប្រធានាធិបតី។
តាមរយៈការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន AP បានឲ្យដឹងថា អនាគតទីប្រឹក្សាប្រធានាធិបតីថ្មី គឺជាអ្នកនាង Alina Habba វ័យ ៤០ឆ្នាំ និងជាមេធាវីផ្ទាល់ខ្លួនរបស់លោក Trump។
លោក Trump បានសរសេរសារបង្ហោះលើបណ្ដាញសង្គមថា «នាង (Habba) បានបង្ហាញពីភក្ដីភាពដ៏ស្មោះត្រង់ និងការសម្រេចចិត្តយ៉ាងមុតមាំ អំឡុងពេលឆ្លងកាត់ការឡើងសវនាច្រើនដងជាមួយគ្នា។ មានមនុស្សតិចណាស់ ដែលស្គាល់ច្បាស់ពីប្រព័ន្ធអយុត្តិធម៌ ជាង Alina»។
លោក Donald Trump គឺជាអតីតប្រធានាធិបតីអាមេរិកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋ នៅពេលតុលាការក្រុង New York ចោទប្រកាន់លោកថា បានល្មើសច្បាប់ចំនួន ៣៤ករណី៕
អត្ថបទ៖ Luffy រូបភាព៖ BBC