ក្នុងជំនួបផ្ទាល់រវាងប្រធានាធិបតីជាប់ឆ្នោត Donald Trump និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី០៨ ខែធ្នូ លោក Trump បានទទូចសុំឲ្យមានបទឈប់បាញ់បោះ នៅប្រទេសអ៊ុយក្រែនជាបន្ទាន់ ហើយការចរចាត្រូវតែធ្វើឡើងភ្លាមៗ។
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា អនាគតប្រធានាធិបតីអាមេរិករូបនេះ បានអះអាងចំពោះមុខលោក Zelensky ថា លោកនឹងជួយសម្របសម្រួល រៀបចំតុមូលសម្រាប់ចរចាដោះស្រាយបញ្ហាមួយនេះដោយសន្តិវិធី ក៏ប៉ុន្តែមិនបានប្រាប់ពីនីតិវិធីច្បាស់លាស់ឡើយ។
កាលពីខែមិថុនាកន្លងទៅ ប្រធានាធិបតីរុស្ស៊ី Vladimir Putin ធ្លាប់បានលើកឡើងថា បើសិនជាចង់បញ្ចប់សង្គ្រាមដោយសន្តិវិធី អ៊ុយក្រែនដាច់ខាតមិនត្រូវចូលរួមជាមួយសម្ព័ន្ធយោធាណាតូ ហើយរុស្ស៊ីត្រូវមានសិទ្ធគ្រប់គ្រងលើតំបន់អ៊ុយក្រែនចំនួន ៤ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងពីកងទ័ពយោធាពេលបច្ចុប្បន្ន។
សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានបន្តអូសបន្លាយរយៈពេលជិត ៣ឆ្នាំ ហើយបានធ្វើឲ្យប្រទេសទាំង២ ទទួលរងការខាតបង់មិនស្ទើររៀងៗខ្លួន ស្របពេលសេដ្ឋកិច្ចពិភពលោកក៏ទទួលរងឥទ្ធិពលអវិជ្ជមានពីបញ្ហានេះដូចគ្នា៕
អត្ថបទ៖ Luffy រូបភាព៖ Thv11