សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូនេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅអារ៉ាប៊ីសាអូឌីត, រដ្ឋកាតា, តួកគីយ៉េ និងអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា បានឱ្យដឹងថា សមាសភាពគណៈប្រតិភូអមដំណើរសម្តេចប្រធានព្រឹទ្ធសភា រួមមាន លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ទេសរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗនៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជា។
នៅក្នុងដំណើរទស្សនកិច្ចរយៈពេលពេញមួយសប្តាហ៍ នៅអារ៉ាប៊ីសាអូឌីត សម្តេចនឹងមានជំនួបទ្វេភាគីជាមួយលោក អាប់ឌុលឡា មហាម៉េដ អ៊ីប្រាហ៊ីម អាល់សេក្ខ ប្រធានសភា អារ៉ាប៊ីសាអូឌីត និងជាមួយព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាលម៉ាន ប៊ីន អាប់ឌុលឡាហ្ស៊ីស អាល់សូដ នាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត។
បន្ទាប់មកនៅរដ្ឋកាតា សម្តេចនឹងមានជំនួបទ្វេភាគីជាមួយលោក ហាសសាន ប៊ីន អាប់ឌុលឡា អាល់ហ្កានីម ប្រធានសភានៃរដ្ឋកាតា និងជាមួយលោក សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាស់ស៊ីម អាលថានី នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃរដ្ឋកាតា។
នៅប្រទេសតួកគីយេ សម្តេចប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយលោក នូម៉ង់ គ័រទុលមុស ប្រធានរដ្ឋសភាតួកគីយ៉េ និងជួបសម្តែងការគួរសម និងពិភាក្សា ការងារជាមួយលោក រេជីប ថាយយ៉ុប អ៊ែរដ៏វ៉ាន់ ប្រធានាធិបតីតួកគីយ៉េ។ ក្រៅពីនេះ សម្តេចនឹងចូលរួមកម្មវិធីសំខាន់ៗដទៃទៀត រួមទាំងទស្សនាទីតាំងជាប្រវត្តិសាស្ត្ររបស់តួកគីយ៉េផងដែរ។
ទស្សនកិច្ចផ្លូវការរបស់ សម្តេចប្រធានព្រឹទ្ធសភា នៅបណ្តាប្រទេសជាមិត្តខាងលើ ជាការបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់ និងតួនាទីកាន់តែសកម្មនៃ “ការទូតសភា” ដែលជាអាទិភាពមួយនៃ អាទិភាពទាំងពីររបស់ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំរបស់សម្តេច ប្រធានព្រឹទ្ធសភា ក្នុងការរួមចំណែកដល់ការពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសជាមិត្ត ដើម្បីជាគុណប្រយោជន៍ដល់ប្រជាជន ការអភិវឌ្ឍប្រទេសជាតិរីកចម្រើន និងដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ