ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានចេញមុខសូមទោសជាសាធារណៈលើកដំបូង បន្ទាប់ពីបង្កឲ្យមានភាពវឹកវរក្នុងប្រទេស ក្រោយចេញច្បាប់អាជ្ញាសឹកទាំងតក់ក្រហល់ កាលពីយប់ថ្ងៃទី០៣ ខែធ្នូកន្លងទៅ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន CNN។
មេដឹកនាំកូរ៉េខាងត្បូងរូបនេះបានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានថា៖ «ខ្ញុំពិតជាសូមទោសខ្លាំងមែនទែន ចំពោះកំហុសឆ្គងដ៏ធំនេះ។ ខ្ញុំសុំអភ័យទោសចំពោះប្រជាជនទាំងអស់ ដែលមានភាពតក់ស្លុតក្នុងហេតុការណ៍កន្លង»។
លោក Yoon ដែលនឹងត្រូវប្រឈមជាមួយការបោះឆ្នោតសភាពីបទចោទប្រកាន់នាចុងសប្ដាហ៍នេះ បានអះអាងថា លោកនឹងមិនគេចវែសពីផ្លូវច្បាប់ ហើយព្រមទទួលខុសត្រូវរាល់សកម្មភាពនយោបាយ ពាក់ព័ន្ធជាមួយការប្រកាសចេញច្បាប់អាជ្ញាសឹកមួយនេះ។
ក្រោយចេញច្បាប់អាជ្ញាសឹកយ៉ាងតក់ក្រហល់ បណ្ដាលឲ្យប្រទេសធ្លាក់ក្នងភាពចលាចល ប្រជាប្រិយភាពរបស់លោក Yoon Suk Yeol បានធ្លាក់ជាខ្លាំង ដោយសមាជិកបក្សខ្លះបាត់បង់ទំនុកចិត្តលើលោក ស្របពេលប្រជាជន និងបក្សប្រឆាំង ទាមទារឲ្យលោកចុះចេញពីតំណែងប្រធានាធិបតី និងទទួលខុសត្រូវចំពោះមុខច្បាប់ ពីបទបង្កអសន្តិសុខសង្គម៕
អត្ថបទ៖ Luffy រូបភាព៖ The Korea Times