ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Google បានបញ្ជាក់ច្បាស់ៗពីការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីស្រឡាងមួយ នៅប្រទេសវៀតណាម ដោយដាក់ឈ្មោះថា Google Vietnam។
តាមរយៈការចុះផ្សាយពីសារព័ត៌មានវៀតណាម VNExpress បានបង្ហាញថា ក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីរបស់ Google បង្កើតឡើងដើម្បីគាំទ្រដល់កំណែទម្រង់ទីផ្សារឌីជីថល ក្នុងប្រទេសអាស៊ានមួយនេះ។
សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មលើវេបសាយ Google ក្នុងប្រទេសវៀតណាមទាំងអស់ នឹងត្រូវអនុវត្តនីតិវិធី ជាមួយក្រុមហ៊ុន Google Vietnam ជំនួសឲ្យក្រុមហ៊ុន Google Asia Pacific ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ តទៅ។
មួយរយៈចុងក្រោយនេះ ប្រទេសវៀតណាមត្រូវបានចាត់ទុកថា ជាទីផ្សារឌីជីថលមានកំណើនលឿនបំផុត ក្នុងចំណោមប្រទេសក្នុងអាស៊ាន ដោយបានអូសទាញក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន មកបណ្ដាក់ទុនក្នុងប្រទេសរបស់ខ្លួន រួមមានក្រុមហ៊ុន Google, Microsoft និង Nvidia ជាដើម៕
អត្ថបទ៖ Luffy រូបភាព៖ Shargetrade