នៅក្នុងឆ្នាំ២០២៤នេះ ទំហំទ្រព្យសម្បត្តិរបស់មហាសេដ្ឋីពិភពលោក មានកំណើនរហូតដល់ ២ទ្រីលានដុល្លារ ខណៈការកើនឡើងដ៏ច្រើនសន្ធឹកបែបនេះ ត្រូវបានជំរុញដោយកំពូលៗអ្នកមាននៅសហរដ្ឋអាមេរិក។
តាមរបាយការណ៍បញ្ចេញដោយធនាគារស្វីស UBS បានបង្ហាញថា ធៀបនឹងឆ្នាំមុន ចំនួនមហាសេដ្ឋីមានកំណើនពី ២ ៥៤៤នាក់ រហូតដល់ ២ ៦៨២នាក់ ដោយទ្រព្យសម្បត្តិរបស់ពួកគេកើនពី ១២ ទ្រីលានដុល្លារ រហូតដល់ ១៤ទ្រីលានដុល្លារ។
ក្នុងនោះ ចំនួនមហាសេដ្ឋីនៅអាមេរិកមានការកើនឡើងពី ៧៥១នាក់ ដល់ ៨៣៥នាក់ ដោយភាគច្រើនកើតចេញពីវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា ជាមួយកំណើនទ្រព្យសម្បត្តិសរុបពី ៤,៦ទ្រីលានដុល្លារ ឡើងដល់ ៥,៨ទ្រីលានដុល្លារ។
ចំណែកឯប្រទេសចិនវិញ បែរជាមានការថយចុះនៃចំនួនមហាសេដ្ឋីដល់ទៅ ៩៣នាក់ ដោយបានធ្លាក់ពីចំនួន ៥២០នាក់ កាលពីឆ្នាំ២០២៣ មកនៅត្រឹម ៤២៧នាក់ក្នុងឆ្នាំនេះ ខណៈទ្រព្យសម្បត្តិសរុបវិញថយចុះពី ១,៨ទ្រីលានដុល្លារ មកនៅត្រឹម ១,៤ទ្រីលានដុល្លារប៉ុណ្ណោះ៕
អត្ថបទ៖ Luffy រូបភាព៖ MotherJones