មេដឹកនាំឡាវ យល់ចិត្តយល់ថ្លើមនៃការលំបាករបស់កម្ពុជា ក្នុងការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA

មេដឹកនាំឡាវ បានសម្តែងនូវការយោគយល់អំពីការដែលកម្ពុជាសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA កម្ពុជា ឡាវ និងវៀតណាម ព្រមទាំងពេញចិត្តជាខ្លាំងចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការតាមព្រំដែន ដែលភាគីប្រទេសទាំងពីរយោគយល់គ្នា។ ការគូសបញ្ជាក់យ៉ាងដូច្នេះធ្វើឡើងនៅក្នុងជំនួបកាលពីព្រឹកថ្ងៃព្រហស្បតិ៍រវាងសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ នៅវិមាន៧មករា។

នៅចំពោះមុខសម្តេច ហ៊ុន សែន លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ មានការពេញចិត្តជាខ្លាំងចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការតាមព្រំដែន ដែលភាគីប្រទេសទាំងពីរកម្ពុជា-ឡាវ បានស្តាប់ទស្សនគ្នាទៅវិញទៅមក យោគយល់គ្នាអស់ពីចិត្តអស់ពីថ្លើម និងត្រង់ទៅត្រង់មក។ 

តាមដានជាមួយយើង៖ Million Times

ការណ៍នេះ លោកបានស្នើឱ្យបរិយាកាសកិច្ចសហប្រតិបត្តិការមិត្តភាពដ៏ល្អនេះ បន្តទៅមុខដើម្បីឈានទៅដោះស្រាយកិច្ចការព្រំដែនរួមគ្នា ប្រកបដោយការអភិវឌ្ឍ។ លោកបានសម្តែងនូវក្តីសង្ឃឹមថា សម្តេច ហ៊ុន សែន នឹងបន្តពូនជ្រំ និងជំរុញកិច្ចសហប្រតិបត្តិការរវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ រវាងគណបក្សនិងគណបក្ស និងរវាងប្រជាជនផងដែរ។ 

ទន្ទឹមនឹងនេះ លោកបានសម្តែងនូវការរីករាយជាថ្មីម្តងទៀត នូវទំនាក់ទំនងមិត្តភាពប្រកបដោយផ្លែផ្កានៃសាមគ្គីភាពឡាវ-កម្ពុជា បានឈានរហូតដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង”ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន។

នៅក្នុងជំនួបដដែលនេះ សម្តេច ហ៊ុន សែន បានសម្តែងនូវក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជានាពេលកន្លងមក។ 

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងថា «ដើម្បីរក្សាបាននូវសុខសន្តិភាពជូនប្រជាជន កម្ពុជាសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ក៏ប៉ុន្តែការដកខ្លួនរបស់កម្ពុជានេះ មិនមែនដកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីនោះទេ»។ សម្តេចបន្តថា ប្រទេសទាំងបី កម្ពុជាឡាវ វៀតណាម នឹងបន្តកិច្ចសហប្រតិបត្តិការតាមយន្តការដែលបានស្រាប់ជាទូទៅ និងកម្រិតប្រទេសតែម្តង និងបន្តពង្រីកបន្ថែមកិច្ចសហប្រតិបត្តិការនេះ ជាពិសេសតាមរយៈជំនួបជាទៀងទាត់នៃថ្នាក់ដឹកនាំគណបក្សកាន់អំណាច នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង កម្មវិធីអភិវឌ្ឍយុវជននៃប្រទេសទាំងបី។

លោក សនសៃ ស៊ីផាន់ដន ក៏បានសង្កត់ធ្ងន់ផងដែរថា ការដកខ្លួនរបស់កម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ក្នុងនាមរដ្ឋាភិបាលឡាវ និងខ្លួនលោកផ្ទាល់ លោកសូមសម្តែងនូវការយល់ចិត្តយល់ថ្លើមនៃការលំបាករបស់កម្ពុជា និងបានបញ្ជាក់ថា លោក នឹងសហការយ៉ាងជិតស្និតជាមួយ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ