ក្រុមហ៊ុនថ្មម៉ាប Rithy Granite Cambodia ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឧកញ៉ា ឡេង ឬទ្ធី និងត្រូវបានកូនស្រីរបស់លោក គឺសេដ្ឋីនី ឡេង ដាវី ជាអគ្គនាយិកាមើលការខុសត្រូវក្នុងមុខជំនួញ បាននាំផលិតផលថ្មក្រានីតដែលផលិតចេញពីរោងចក្រផ្ទាល់មកចូលរួមពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ លើកទី១៤ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤។
ការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ ត្រូវបានបើកសម្ពោធក្រោមអធិបតីភាពលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់, លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្ថិតមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ក្រុមហ៊ុន Rithy Granite Cambodia ដែលបានឈរជើងលើវិស័យអាជីវកម្មថ្មអាជាង២៥ ឆ្នាំមកហើយ និងជាក្រុមហ៊ុននាំមុខ ដែលនាំចេញប្រភេទថ្មម៉ាប និងថ្មក្រានីតយកទៅក្រៅប្រទេស។ ក្នុងបទសម្ភាសន៍ជាមួយ Million Times អគ្គនាយិកាវ័យក្មេង ឡេង ដាវី បានឲ្យដឹងថា ក្រុមហ៊ុនអ្នកស្រីបានរុករករ៉ែថ្មនេះ នៅកម្ពុជា១០ ខេត្តឯណោះ ហើយខេត្តដែលសម្បូរជាងគេ គឺក្រចេះ កំពង់ស្ពឺ បាត់ដំបង ព្រះវិហារ ស្ទឹងត្រែង កំពង់ឆ្នាំង តាកែវ និងខេត្តកំពត។
បើតាមអ្នកស្រី អំឡុងឆ្នាំ ២០១៥-២០១៩ Rithy Granite Cambodia បានទាក់ទាញអ្នកវិនិយោគបានជាង ៦០ គម្រោង។ អ្នកស្រីបានបន្តថា ក្រោមការជួយជ្រោមជ្រែងពីសំណាក់ប្រមុខដឹកនាំប្រទេសសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការកាត់បន្ថយពន្ធនាំចេញ និងសម្រួលបែបបទ វិស័យថ្មអាកាន់តែរីកចម្រើនខ្លាំងថែមទៀត ដោយសារតែអ្នកវិនិយោគមានទឹកចិត្តកាន់តែខ្លាំង។
សេដ្ឋីនីវ័យក្មេងរូបនេះបានបន្តទៀតថា ការលក់ចេញថ្មអាឆ្នាំ ២០២៣-២០២៤ នេះ មានការកើនឡើងដល់ទៅ ៤ ដងឯណោះ ស្មើពី ២ ទៅ ៣ ម៉ឺនកុងតឺន័រ/ខែ) ហើយមួយឆ្នាំអាចចន្លោះពី ២០ ទៅ ៣០ ម៉ឺនកុងតឺន័រ។ និយាយដល់គុណសម្បត្តិនៃថ្មអារ គឺធន់ រឹង មិនឆ្ងួត ហើយ ក្រុមហ៊ុន Rithy Granite Cambodia និងក្រុមហ៊ុន ឫទ្ធី 2ធ្នូ អ៊ិនវេសមេន មិនត្រឹមចែកចាយផលិតផលនៅក្នុងស្រុកឡើយ ប្រទេសជាច្រើនក៏បានទំនាក់ទំនងនាំចូលថ្មពីក្រុមហ៊ុនអ្នកស្រីដូចគ្នា។
ក្នុងនោះប្រទេសនៅអាស៊ីមានដូចជាវៀតណាម ចិន តៃវ៉ាន់ ចំណែកប៉ែកអឺរ៉ុបមាន អ៊ីតាលី អាល្លឺម៉ង់ ប្រទេសតួគី និងប្រទេសជាច្រើនទៀតជុំវិញពិភពលោក។ រីឯតម្លៃថ្មរបស់ក្រុមហ៊ុន ឬទ្ធី ក្រានីត វិញមានចាប់ពី ១០ ដុល្លារ រហូតដល់ ១០០០ ដុល្លារ/ម៉ែត្រការ៉េ។ ចក្ខុវិស័យបន្តនៃក្រុមហ៊ុន Rithy Granite Cambodia គឺបន្តការចូលរួមតាំងពិព័រណ៌ និងធ្វើបទបង្ហាញផ្សេងៗ ដើម្បីចាប់យកការវិនិយោគ និងការនាំចេញបន្ថែមទៅទ្វីបអឺរ៉ុប៕
អត្ថបទ៖ មេរ៉ា រូបភាព៖ ជេកម៉ា