ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ លើកទី១៤ ឆ្នាំ២០២៤ រយៈពេល ៣ថ្ងៃបានចាប់ផ្តើមហើយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលនឹងរៀបចំដល់ថ្ងៃទី៧ ខែធ្នូ ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានក្រុមហ៊ុនចូលរួមចំនួន ១១២ក្រុមហ៊ុន ស្មើនឹង ២៣៧ស្តង់ ក្រោមវត្តមានបើកជាផ្លូវការពីឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា។
លោកអ្នកឧកញ៉ា ពុង ឃាវសែ បានថ្លែងថា «នៅឆ្នាំ២០២៤នេះមានក្រុមហ៊ុន ១១២ក្រុមហ៊ុន ហើយមានស្តង់ ២៣៧ស្តង់ ដាក់តាំងបង្ហាញសម្ភារបរិក្ខា ឧបករណ៍ គ្រឿងចក្រ សំណង់ ផលិតផលក្នុងស្រុក និងនាំចូលពីបរទេស សរុបទាំងអស់ប្រមាណ ៥០០ប្រភេទ រួមទាំងឧបករណ៍ផ្នែកសេវាកម្មផ្សេងៗជាង ៥០ប្រភេទដែលពាក់ព័ន្ធនឹងវិស័យសំណង់មកដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៌នេះ»។
ពិធីកាត់ខ្សែបូសម្ពោធពិព័រណឧស្សហកម្មសំណង់កម្ពុជា-អន្តរជាតិ លើកទី១៤
លោកបន្តថា ការរៀបចំពិព័រណឧស្សហកម្មសំណង់កម្ពុជា-អន្តរជាតិ ក្នុងគោលដៅផ្តល់ឱកាសឱ្យក្រុមហ៊ុន ជាតិ និងអន្តរជាតិ បង្ហាញពីឧបករណ៍ សម្ភារៈរបស់ខ្លួន ជាពិសេសបង្កើតវេទិកាឱ្យអ្នកលក់ និងអ្នកទិញ ម្ចាស់រោងចក្រ បានជួប និងស្វែងយល់គ្នាដោយផ្ទាល់។
អនុប្រធានសមាគមថ្មអារកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ឬទ្ធីក្រានីត ខេមបូឌា ដែលបានចូលរួមដាក់តាំងបង្ហាញផលិតផលថ្មក្រានីត ដែលនោះ សេដ្ឋនី ឡេង ដាវី បានលើកឡើងថា ដើម្បីសម្រេចបាននូវចក្ខុវិស័យក្នុងការនាំថ្មអារចេញទៅកាន់ទីផ្សារអ៊ឺរ៉ុប លោកស្រីបាននាំផលិតផលថ្មអារមកចូលរួមតាំងពិព័រណ៌ដែលជាផលិតរបស់ក្រុមហ៊ុនលោកស្រីផ្ទាល់ ដោយសារតែបច្ចុប្បន្នទីផ្សារនៅក្នុងតំបន់អាស៊ីក្រុមហ៊ុន ឬទ្ធីក្រានីត និងក្រុមហ៊ុនជាសមាជិកសមាគមថ្មអារកម្ពុជា នាំចេញទៅបានច្រើនហើយ ដូច្នេះគោលដៅធំបន្ទាប់គឺលោកស្រីដាក់ផែនការនាំចេញទៅកានទីផ្សរអ៊ឺរ៉ុប។
លោកស្រី ឡេង ដាវី ថ្លែងថា «ផែនការនាំផលិតផលថ្មអារកម្ពុជាទៅកាន់ទីផ្សារអ៊ឺរ៉ុបនេះហើយ ទើបក្រុមហ៊ុន ឬទ្ធីក្រានីត សម្រេចមកតាំងពិព័រណ៌ និងចេញទៅទំនាក់ទំនងនៅក្រៅប្រទេស ដើម្បីទទួលបានគម្រោង ក៏ដូចជានាំចេញលក់នៅទីនោះឲ្យបានទូលំទូលាយនៅទីផ្សារទូទាំងពិភពលោក»។
សេដ្ឋីនី ឡេង ដាវី អគ្គនាយិកាក្រុមហ៊ុន ឬទ្ធីក្រានីត ខេមបូឌា
សូមជម្រាបជូនថា ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ លើកទី១៤នៅឆ្នាំនេះ សង្កេតឃើញមានក្រុមហ៊ុនធំៗទាំងក្នុងស្រុក និងក្រៅស្រុកមកដាក់តាំបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួនជាច្រើន ពិសេសនោះក្រុមហ៊ុនចិនតែម្តង ដូចជា គ្រឿងចក្រ សម្ភារបរិក្ខា ឧបករណ៍ គ្រឿងតុបតែង វិស័យថាមពលស្អាតជាដើម។ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជីវករ អាជីវកម្ម និងក្រុមហ៊ុនទាំងអស់ដែលបានចូលរួមតាំងពិព័រណ៌ឧស្សាហកម្មសំណង់នេះ។
លោក សាយ សំអាល់ បានថ្លែងកត់សម្គាល់ថា៖ «ជាការពិតការចូលរួមនេះមានសារសំខាន់ណាស់ ព្រោះដើម្បីតាំងបង្ហាញផលិតផលរបស់ខ្លួន នឹងបានសិក្សាផងដែរនូវផលិតផលមួយណាសម្រាប់កម្ពុជា ហើយផលិតផលមួយណាជាផលិតផលមិនចាំបាច់សម្រាប់កម្ពុជា»។ ទន្ទឹមនឹងនេះ លោកបានណែនាំសមាគមអ្នកសាងកម្ពុជាដែលជាអ្នករៀបចំពិព័រណ៍នេះ និងគ្រប់ក្រុមហ៊ុនជាតិ និងអន្តរជាតិទាំងអស់ ត្រូវខិតខំពង្រឹងនូវគុណភាពការសាងសង់របស់ខ្លួន តាមស្តង់ដារច្បាប់ រចនាបថជាតិ ប្រកបដោយផាសុខភាពតាមការអភិវឌ្ឍប្រទេសជាតិ៕
អត្ថបទ និងរូបភាព៖ សាងតេជៈ